(កំពង់ចាម)៖ លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានប្រគល់កុំព្យូទ័រឡេបថប់ចំនួន១០គ្រឿងបន្ថែមទៀត ដល់និស្សិតអាហាររូបករណ៍ចំនួន១០រូប ដែលជាគម្រោង «កម្ពុជា អនាគតភ្លឺស្វាងត្រចះត្រចង់»

ការប្រគល់នេះធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣ ខណៈលោក មួន វាសនា បានឱ្យដឹងថា កុំព្យូទ័រឡេបថប់ចំនួន១០គ្រឿង ជាគម្រោងឆ្នាំទី២ ប្រគល់ជូននិស្សិតអាហាររូបករណ៍ នៃសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមចំនួន១០រូប សរុប២០គ្រឿងហើយ ទាំងលើកមុនដែលការផ្តល់ជូននេះសម្រាប់និស្សិតអាហារូបករណ៍ចំនួន២០នាក់ ដែលសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានសហការជាមួយអង្គការមនុស្សធម៌ ដឺបូឌៀរហ្គ្រុប (The Bodia Group) បង្កើតគម្រោង Cambodia Bright Future គម្រោងកម្ពុជាអនាគតភ្លឺស្វាងត្រចះត្រចង់របស់ប្រទេសអូស្ត្រាលី ហៅកាត់ថា CBF។

លោក មួន វាសនា បានឱ្យដឹងទៀតថា តាមរយៈអង្គការមនុស្សធម៌ The Bodia មកជួយដល់យុវជនកម្ពុជា ដែលបានប្រឡងជាប់បាក់ឌុបរួចហើយ គឺផ្ដោតទៅលើគ្រួសារនៅតាមស្រុកស្រែចម្ការជនបទដាច់ស្រយាល មានជីវភាពខ្វះខាត មិនអាចមានថវិកាទ្រងទ្រង់មកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីឲ្យគាត់មានឱកាសបានបន្តទៅសិក្សានៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ដោយមានទាំងអាហារូបត្ថម្ភថវិកាសម្រាប់ជីវភាពរស់នៅ គាំទ្រការសិក្សាប្រចាំខែ ការផ្តល់កុំព្យូទ័រ Laptop ម្នាក់១គ្រឿងផងដែរ។

លោក មួន វាសនា បន្តថា ទាំងនេះគឺជាផ្នែកមួយដែលថ្នាក់ដឹកនាំសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម បានគិតគូដូចទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕