Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះនៅស៊ីរី, UN អះអាងថា ប្រជាជនជាង២លាននាក់ អត់មានទឹក និងអគ្គិសនីប្រើប្រាស់, UN ទាមទារឲ្យឈប់បាញ់សិន ដើម្បីដោះស្រាយបញ្ហា

10-08-2016 10:03

(ស៊ីរី)៖ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍របស់ខ្លួនថា ក្មេងៗដែលរស់ នៅទីក្រុង Aleppo របស់ប្រទេសស៊ីរី ដែលកំពុងឡោមព័ទ្ធដោយជម្លោះដ៏ញាំញីនោះ បាននិងកំពុងតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរចំពោះជំងឺឆ្លងផ្សេងៗ ខណៈទាំងទឹក និងអគ្គិសនី គឺគ្មានសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។

អង្គការសហប្រជាជាតិ បានទាមទារឲ្យភាគីជម្លោះ បញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ ដើម្បីផ្តល់ឱកាស ឲ្យក្រុមសង្គ្រោះធ្វើការជួសជុលបណ្តាញផ្គត់ផ្គង់ទឹក និងអគ្គិសនី ឲ្យតំបន់ទាំងមូល បានប្រើប្រាស់ឡើងវិញ ព្រោះថាទាំងពីរមុខនេះ គឺសំខាន់បំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសសម្រាប់កុមារ។

គួរបញ្ជាក់តាមរបាយការណ៍ចុងក្រោយ របស់ទីភ្នាក់ងារមនុស្សធម៌ UN ឲ្យដឹងថា ប្រជាជានក្នុងទីក្រុង Aleppo ប្រទេសស៊ីរី ប្រមាណ ២លាននាក់ កំពុងតែរស់នៅដោយគ្មានការផ្គត់ផ្គង់ តម្រូវការចាំបាច់ឲ្យបាន គ្រប់គ្រាន់ ក្នុងនោះគឺសំដៅទៅលើ ទឹក, អគ្គិសនី, និង ចំណីអាហារជាដើម។ UN បានអំពាវនាវឲ្យមានការឈប់បាញ់គ្នា ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយមិនអាចរង់ចាំបានទៀតទេ៕