(ភ្នំពេញ)៖ ក្រុមកម្មករជាច្រើននាក់ ដែលបម្រើការងារនៅរោងចក្រយ៉កម៉ាក និងហើុឆាយដែលរងរបួសធ្ងន់ស្រាល ដោយសារក្រុមជនដៃដល់វាយបង្ក្រាប នាអំឡុងការធ្វើកូដកម្ម កាលពីខែមិថុនាកន្លងទៅនោះ ឥឡូវនេះទទួលបានពន្លឺយុត្តិធម៌ខ្លះហើយ ក្រោយពីក្រុមជនដៃដល់ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលចុះទៅចាប់វាយខ្នោះ ដល់ទីស្នាក់តែម្តង ហើយបញ្ជូនភ្លាមៗ ទៅកាន់ក្រសួង ដើម្បីចាត់ការបន្តទៀត។ ប៉ុន្តែក្រុមកម្មករដែលជាជនរងគ្រោះ ព្រមទាំងប្រធានសហជីពកម្មករ នៃរោងចក្រខាងលើ នៅតែទទូចដល់នគរបាល និងមន្រ្តីតុលាការ ត្រូវចាត់វិធានការយ៉ាងមឺិងម៉ាត់ជាទីបំផុត ពោលមិនត្រូវធ្វើការដោះលែងនោះ ពីព្រោះពួកគេមានការព្រួយបារម្ភ នូវសុវត្ថិភាពផ្ទាល់ខ្លួន ខណ:ដែលមានព័ត៌មានជនដៃដល់ទាំងនេះ តាមរយ:មេកើយរបស់ពួកគេ បាននិងកំពុងធ្វើការរត់ការយ៉ាងខ្លាំងក្លា។

លោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា «កម្មកររងគ្រោះក្នុងហេតុការណ៍ហិង្សាសាហាវឃោរឃៅ នៃរោងចក្រយ៉កម៉ាស និងហេុីឆាយទទួលបានយុត្តិធម៌ហើយ ក្រោយពីជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន​ ដល់ទីស្នាក់ការកាលពីម្សិលមិញ»

លោក សៀង រិទ្ធី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហា ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះចាប់ខ្លួនជនល្មើសដែលកន្លងមកធ្លាប់បានដើរបង្កហិង្សាវ៉ៃកម្មករ នៅតាមរោងចក្រ យ៉កម៉ាស និងរោងចក្រហេីុឆាយនាពេលកន្លងមក។ ជនល្មើសទាំងនោះជាមន្ត្រីរបស់សហជីពស្មារតីកម្មករខ្មែរដឹកនាំដោយឈ្មោះ មុំ សៀក ហើយត្រូវកម្លាំងទៅព័ទ្ធចាប់ដល់ទីស្នាក់ការតែម្តង។

លោកបានឲ្យដឹងថាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនមានចំនួនបួននាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១. លោក មុំ ម៉ន ភេទប្រុស
២. លោក សួស សុខា ភេទប្រុស
៣. លោក ខេង ភិរុន ភេទប្រុស
៤. លោក ស៊ំ សុធា

ដែលពួកគាត់ទាំងបួននាក់ជាមន្រ្តីជាន់ខ្ពស់នៃសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ។

លោក សៀង រិទ្ធី បានថ្លែងទៀតថា «ក្នុងនាមតំណាងឲ្យកម្មកររងគ្រោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ និងវែកមុខរកឃើញជនសង្ស័យដែលតែងតែដើរបង្កហិង្សានៅតាមបណ្តាលរោងចក្រសហគ្រាស បង្កការភ័យខ្លាចដល់អ្នកវិនិយោគ និងកម្មករនិយោជិត។ ខ្ញុំសូមថ្លែងសារគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីពង្រឹងនីតិរដ្ឋ និងសូមចាត់វិធានការតាមនីតិវិធីចំពោះជនសង្ស័យ និងអ្នកពាក់ព័ន្ធតាមច្បាប់»

សូមបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី០៣ មិថុនា ២០១៦ នេះកម្មករនិយោជិតនៃក្រុមហ៊ុនយ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជិត ៣០០នាក់ក្នុងចំណោមកម្មករជាង ៧០០នាក់បានផ្ទុះធ្វើកូដកម្ម នៅខាងក្រៅរោងចក្រដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៦ចំណុច។

ដោយឡែកនៅពេលថ្ងៃត្រង់ម៉ោងប្រមាណ១២៖១០ មានក្រុមបងធំដឹកនាំដោយមន្រ្តីសហព័ន្ធសហជីពស្មារតីកម្មករខ្មែររបស់លោក មុំ សៀក ប្រមាណជាង ៣០នាក់បានមកអុកឡុក​ និងវាយបង្រ្កាបមកលើកម្មករដែលកំពុងធ្វើកូដកម្មនៅខាងមុខរោងចក្រ ធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន ៣នាក់ និងរងរបួសស្រាលជាច្រើននាក់។

ក្រុមបង្កហិង្សាដដែលនេះ ធ្លាប់បានប្រើហិង្សាវាយកម្មករម្តងរួចមកហើយ​ កាលពីថ្ងៃទី​ ២៦​ មេសា​ ២០១៦​ នៅចំណុចរោងចក្រហេីុឆាយដែលបណ្តាលឲ្យកម្មករ របួសធ្ងន់បែកក្បាលចំនួន​ ២នាក់ផងដែរ។

យ៉ាងណាក៏ដោយ ក្រុមកម្មករនៅតែចង់បានយុត្តិធម៌ពេញលេញ តាមរយ:ការមើលឃើញ ក្រុមជនល្មើសទាំងត្រូវបានតុលាការចាប់ឃុំខ្លួន ដាក់ពន្ធនាគារ៕