(បាត់ដំបង)៖ សមាគមរាជសីហ៍ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ សមាជិកសមាជិកា អនុសាខាសមាគមរាជសីហ៍ប្រចាំស្រុកចំនួន៦ បន្ថែមទៀត មានជាអាទិ៍ អនុសាខាស្រុកឯកភ្នំ អនុសាខាស្រុកបវេល អនុសាខាស្រុកសង្កែ អនុសាខាស្រុកសំឡូត អនុសាខាស្រុករតនមណ្ឌល និងអនុសាខាស្រុកកំរៀង។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមរាជសីហ៍ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសាខាខេត្តជាប់តំបន់ភូមិសាស្ត្រខេត្តបាត់ដំបង សរុបចំនួនជាង ២៧០នាក់ (ព្រះសង្ឃ៣អង្គ)។

លោក ជា សាវុធ ប្រធានសមាគមរាជសីហ៍សាខាខេត្តបាត់ដំបង បានថ្លែងនូវការស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាពការងារ របស់សមាគមរាជសីហ៍សាខាខេត្តបាត់ដំបង បានពង្រឹង និងពង្រីករចនាសម្ព័ន្ធថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុបចំនួន៥២៩អង្គ/នាក់ (ព្រះសង្ឃ២អង្គ និងស្ត្រី ១៨៨នាក់) ក្នុងនោះ មានជនជាតិខ្មែរឥស្លាម ចំនួន២៥៣នាក់ (ស្ត្រី៣៧នាក់) និងមានអនុសាខា (ស្រុក/ក្រុង) សមាគមរាជសីហ៍ចំនួន៦ នៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង សមាគមសាខាបាត់ដំបងបានចូលរួមអនុវត្តការងារមនុស្សធម៌ សប្បុរសធម៌ និងកីឡា ចំនួន ១៥៧លើក ចំណាយអស់ថវិកាសរុប៦៨.០០០.០០០៛ និងថវិកាដុល្លាសរុប ៨.០០០ដុល្លា។

លោកប្រធាន សាខាខេត្ត បានសំណូមពរផងដែរ ស្នើសុំដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា អនុសាខាសមាគមរាជសីហ៍សាខាស្រុកទាំង៦ ដែលទើបទទួលការតែងតាំងថ្មី ឲ្យខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបបេសកកម្ម និងចក្ខុវិស័យរបស់សមាគមរាជសីហ៍។

លោក ផល សុភាប្រធានអនុសាខាសមាគមរាជសីហ៍ ស្រុកកំរៀង តំណាងឲ្យប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកទាំង៦ បានឡើងធ្វើការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសមាគម រក្សាសាមគ្គីភាពផ្ទៃក្នុង ស្វែងរកជំនួយឧបត្ថម្ភ សម្រាប់អនុវត្តសកម្មភាពមនុស្សធម៌របស់សមាគម និងផ្សព្វផ្សាយ ពង្រីកចលនាយុវជនចូលរួមក្នុងសកម្មភាពមនុស្សធម៌របស់សមាគមរាជសីហ៍។

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ក៏បានមានប្រសាសន៍ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងមូលចូលរួមសំដែងការអបអរសាទរយ៉ាងខ្លាំងក្លា ចំពោះជ័យជំនះនយោបាយ ការទូតនិងសេដ្ឋកិច្ច ដ៏ត្រចះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ដែលបានបិទបញ្ចប់កាលពីថ្មីៗ កន្លងទៅនេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគីដោយឡែកពីក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀត សរុបជាង៣០ ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំកំពូលៗនៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិមកពីគ្រប់ទិសទីនៃពិភពលោក សរុបមិនតិចជាង២០នាក់នោះឡើយ។

លោកប្រធានសមាគមរាជសីហ៍ បានមានប្រសាសន៍លើកឡើងផងដែរ អំពីការរីកចម្រើនរបស់សមាគមរាជសីហ៍ ទោះបីជាសមាគមរាជសីហ៍បាននឹងទទួលរងនូវផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមផ្សំជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក៏សមាគមរាជសីហ៍បានខិតខំពុះពារ នូវបញ្ហាលំបាកទាំងអស់នេះអនុវត្ត និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេង មានដូចជា បានពង្រីករចនាសម្ព័ន្ធសាខាសមាគមរាជសីហ៍ រហូតដល់ចំនួន២៩ នៅឆ្នាំ២០២៣ និងមានអនុសាខាសមាគមរាជសីហ៍ចំនួន ៤៥ នៅទូទាំងរាជធានី-ខេត្ត និងក្រៅប្រទេស និងមានសមាជិក សមាជិកា ចំនួន ៧៥៤៧ អង្គ/នាក់។

ពី ឆ្នាំ២០១៩ ដល់បច្ចុប្បន្ននេះ សមាគមរាជសីហ៍អនុវត្តការងារមនុស្សធម៌និងសប្បុរសធម៌ បានចំនួន ១១៥៧ លើក ចំណាយថវិកា អស់ប្រមាណ ៤៨២៦ ,៦៤០,០០០ (បួនពាន់ប្រាំបីរយម្ភៃប្រាំមួយលាន ប្រាំមួយរយសែសិបពាន់) រៀល ស្មើនឹង ១,២០៦,០០០ (មួយលាន ពីររយប្រាំមួយពាន់) ដុល្លារអាម៉េរិក។

ទន្ទឹមនេះ លោកប្រធានសមាគមរាជសីហ៍ ក៏មានចំណុចមួយចំនួនផ្តល់ជាអនុសាសន៍ទៅដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលទទួលបានការតែងតាំងសម្រាប់យកទៅអនុវត្តនៅក្នុងសាខា និងអនុសាខា របស់ខ្លួន មានដូចជា៖
ក្នុងភាពជាអ្នកដឹកនាំត្រូវអនុវត្តនូវចំណុច៤ នៃឥទ្ធិបាទធម៌ សម្រាប់ឲ្យការងារទទួលបានជោគជ័យ មានជាអាទិ៍ ឆន្ទៈ វីរិយៈ ចិត្ត និងវិមង្សា មានគំនិតនវានុវត្តន៍ និងឧត្តមានុវត្តន៍ ត្រូវប្រកាន់ទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សាសាមគ្គីភាពនិងការឯកភាពផ្ទៃក្នុង អនុវត្តការងារជាក្រុម និងហ៊ានទទួលខុសត្រូវនូវរាល់កំហុសតូច-ធំដើម្បីធ្វើការកែលម្អ និងការធ្វើប្រតិភូកម្ម សិទ្ធិ និងអំណាច ទៅលើផ្នែកណាមួយនៃការងារដើម្បីធានាភាពរហ័សនិងប្រសិទ្ធភាពការងារ។

ក្នុងឧ៌កាសនោះ លោកប្រធានសមាគមក៍បានថ្លែងអំណរគុណនិងប្រគល់ជូនបណ្ណសសើរដល់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោះរបស់សមាគមរាជសីហ៍ផងដែរ៕