(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានកោតសសើរដល់មន្ត្រីបម្រើការងារនៅមន្ទីរបរិស្ថាន ក៏ដូចជាប្រជាសហគមន៍ដែលកន្លងមកនេះ បានបំពេញតួនាទីបានយ៉ាងល្អ ក្នុងរយៈកាលកន្លងមកនេះ។

បន្ថែមពីនេះ លោករដ្ឋមន្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់បន្តអនុវត្តអាទិភាពការងារ ៣ចម្បងៗ៖

ទី១- ការគ្រប់គ្រងប្លាស្ទិក ចូលរួមចំណែកថែរក្សាបរិស្ថាន នៅតាមបណ្តាសាលារៀន តំបន់រមណីយដ្ឋាន និងទីសារណៈសំខាន់មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង។

ទី២- ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងប្រែក្លាយតំបន់ទេសចរណ៍នៅក្នុងខេត្តឲ្យទៅជារបៀងទេសចរណ៍កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរមកកាន់តំបន់រមណីយដ្ឋាន នៅក្នុងខេត្តកាន់តែច្រើន និងមានភាពប្រទាក់ក្រឡាគ្នាទៅវីញទៅមក។

និងទី៣- កត្តាផ្សពផ្សាយនូវសក្តានុបរិស្ថានទៅលើឆាកអន្តរជាតិនូវសមិទ្ធផលទាំងឡាយ តាមរយៈអ្នកចូលរួម ដែលនឹងប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកដឹកនាំលើវិស័យបរិស្ថាន ដើម្បីបង្ហាញអន្តរជាតិអំពីស្នាដៃ និងសមិទ្ធិផលដែលយើងបានធ្វើកន្លងមក ជួយឲ្យយើងអាចរកចំណូលបាន តាមរយៈប្រទេសដែលមានអព្យាក្រឹត្យកាបោននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ជកោណរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ។

ជាមួយគ្នានេះ ការដាំដុះ និងស្តារព្រៃឡើងវិញ លោករដ្ឋមន្ត្រី បានស្នើឲ្យមន្ទីរបរិស្ថាន ត្រូវរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើឱ្យបាន១ឆ្នាំ ១០ម៉ឺនដើម សម្រាប់ចែកជូនដល់សាធារណៈជន។ ការអនុវត្របែបនេះ គឺជាភាពវៃឆ្លាតក្នុងការបំពេញការងារខណៈមន្ទីរមានគ្នាតិច ហើយចង់សម្រេចបានលទ្ធផលធំ និងលឿនរហ័ស គឺត្រូវជំរុញឱ្យប្រជាពលរដ្ឋជួយ និងសហការជាមួយមន្ទីរ ទើបការងារទទួលបានលទ្ធផលល្អ ហើយជាការចាំបាច់ណាស់ ដែលមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវធ្វើការដោយមានការទទួលខុសត្រូវ មានការតាមដានការងារជាប្រចាំ និងធ្វើការដោយប្រាកដនិយម ដើម្បីរួមគ្នាសម្រេចបាននូវជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកថែរក្សានូវបរិស្ថាននៅក្នុងតំបន់៕