(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ចិន បានចុះហត្ថលេខាលើផែនការសកម្មភាពនៃការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (ឆ្នាំ២០២៤-២០២៨) និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។

នេះបើតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកសារកិច្ចសហប្រតិបត្តិការ ដែលត្រូវបានចុះហត្ថលេខានោះ មានការពាក់ព័ន្ធនឹង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ» ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម។

រដ្ឋាភិបាលចិន បានបញ្ជាក់អំពីការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។

ភាគីកម្ពុជាក៏បានសូមថ្លែងអំណរអរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ចិនផងដែរ៕