(ក្រចេះ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវលិខិតចំហរបស់ ក្រសួងសុខាភិបាល ដែលចេញប្រតិកម្មភ្លាមៗ ទៅលើលិខិតមិត្តអ្នកអានមួយ មានចំណងជើងថា៖ «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក» ដែលចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៨សីហា កន្លងទៅ។
ការចេញប្រតិកម្មនេះ បានបញ្ជាក់ថា មន្ទីរមិនទទួលយកជាដាច់ខាត ចំពោះការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលសរសេររិះគន់វិស័យសុខាភិបាលបែបនេះទេ ព្រោះសព្វថ្ងៃថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងបុគ្គលិកសុខាភិបាលទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន យ៉ាងសកម្ម និងហ្មត់ចត់ ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន មន្ទីរសុខាភិបាលខេត្ត បានសម្រេចលទ្ធផលគួរជាទីមោទនភាព ដោយបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋយ៉ាងហ្មត់ចត់ជាហូរហែ និងបានទប់ស្កាត់កាត់បន្ថយជំងឺឆ្លងនានាផងដែរ មិនដូចពាក្យររិះគន់ថា «សុខាភិបាលសម្ងំដេក» នោះទេ។
មន្ទីរសុខាភិបាលខេត្តក្រចេះ បានបន្ថែមថា មន្ទីរសូមគាំទ្រលិខិតចំហ របស់ក្រសួងសុខាភិបាលទាំងស្រុង ដែលបានចេញប្រតិកម្មទៅលើការរិះគន់នេះ ហើយត្រូវតែផ្ដល់យុត្តិធម៌ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់នេះ ឱ្យទាល់តែបាន៕