(ភ្នំពេញ)៖ រដ្ឋាភិបាល នៃប្រទេសមហាយក្សចិន បានបញ្ជាក់អំពីការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។

ភាគីកម្ពុជាក៏បានសូមថ្លែងអំណរអរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ចិនផងដែរ។ នេះបើតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ។

ការអះអាងអំពីការគាំទ្ររបស់រដ្ឋាភិបាលចិន បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹង​ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិត ទៅជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់ និងបន្តពង្រឹង និងពង្រីកកាន់តែស្អិតរមួយ​មកដល់ពេលបច្ចុប្បន្ន។

ចិនជាប្រទេសដែលផ្តល់ជំនួយ និងហិរញ្ញប្បទានសម្បទានដ៏សំខាន់សម្រាប់កម្ពុជា។ ចិនបានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងជាប្រទេសនាំអង្ករកម្ពុជា ហើយចិនក៏ជាប្រទេសដែលបានដាក់ទុនវិនិយោគលំដាប់កំពូលនៅកម្ពុជាផងដែរ៕