(ព្រះវិហារ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឈរជើងតាមព្រំដែន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកណាំយឺន ខេត្តឧប៊ុនរាជធានី និងរដ្ឋបាលស្រុកខាន់តាឡាក់ ខេត្តសុីសាកេត នៃប្រទេសថៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើបុណ្យដង្ហែទៀនព្រះវស្សា ដាំកូនឈើ និងលែងកូនត្រីរួមគ្នា ស្ថិតក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃនេះរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែន រួមជាមួយរដ្ឋបាលស្រុកណាំយឺន រដ្ឋបាលស្រុកខាន់តាឡាក់ ប្រទេសថៃ បានដង្ហែទៀនព្រះវស្សា ទេយ្យវត្ថុ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តឈើទាលគង ព្រមទាំងបានចូលរួមដាំដើមឈើ លែងកូនត្រី និងចែកសម្ភារៈកីឡាដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាឈើទាលគងផងដែរ។

លោក វុធ តារ៉ា បានបន្តថា រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃកម្ពុជា និងរដ្ឋបាលស្រុកណាំយឺន ស្រុកខាន់តាឡាក់ ប្រទេសថៃ កន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងធ្វើកិច្ចការសង្គមរួមគ្នា លេងកីឡារួមគ្នា ក្នុងគោលបំណងពង្រឹង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីឱ្យតាមខ្សែរបន្ទាប់ព្រំដែន នៃប្រទេសទាំងពីរ ក្លាយជាព្រំដែន មិត្តភាព សន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋជាប់ព្រំដែនអាចទំនាក់ទំនងក្នុងការដោះដូរទំនិញគ្នាទៅវិញទៅមកដោយភាពងាយស្រួល៕