(តាកែវ)៖ លោក ជា វ៉ាន់ដេត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកការដ្ឋានកសាងផ្លូវបេតុង ៣ខ្សែ ប្រវែង ៣គីឡូម៉េត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដើម្បីជាការអរគុណដល់ប្រជាពលរដ្ឋ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំលេងឆ្នោតគាំទ្រច្រើនលើសលប់នៅទូទាំងស្រុកបាទី។
លោកបានឱ្យដឹងថា ឃុំចំបក់ ទាំងមូលនឹងទទួលបានផ្លូវបេតុងប្រវែង ១៩គីឡូម៉ែត្រ ក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង៨៤គីឡូម៉ែត្រ ដែលលោកនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី។
លោកមានប្រសាសន៍ថា«ក្នុងរយៈពេល ៥ឆ្នាំទៀត យើងនឹងខិតខំប្រែក្លាយឃុំចំបក់ទៅឃុំមួយដែលមានការអភិវឌ្ឍខ្លាំង ដែលប្រៀបបាននឹងទីក្រុងនៅក្នុងទីជនបទ។»
ក្នុងឱកាសនោះដែរ លោកបានលើកឡើងពីមោទនភាព និងកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័ស លើឆាកតំបន់និងអន្តរជាតិក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេស សម្តេចធិបតី បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕