(ណាននីង, ចិន)៖ បន្ទាប់ពីហោះដល់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនភ្លាមនៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបជាមួយថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ីភ្លែត បើកការជជែកពង្រីកកិច្ចសហប្រតិបត្តិការដោយផ្តោតជាសំខាន់លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីស្វែងរកឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
ក្នុងជំនួបជាមួយលោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី ក្រៅតែពីការស្វាគមន៍គ្នាប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន ក៏ដូចជាជំនួបនានាជាមួយមេដឹកនាំរបស់ចិនផងដែរ។
បន្ទាប់ពីកិច្ចស្វាគមន៍រួចហើយ លោកលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត បានធ្វើជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត។ លោក លាវ នីង បានបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់ស្វយ័តក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះព័ត៌មានទាំងឡាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត បានធ្វើជាមួយប្រទេសកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យតំបន់ស្វយ័តក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែមលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តក្វាងស៊ី និងប្រទេសកម្ពុជា។
សម្តេចធិបតី ក៏ស្នើឱ្យលោកលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។
តបនឹងអ្វីដែលសម្តេចធិបតីបានលើកឡើង, លោក លាវ នីង បានជម្រាបថា លោកនឹងពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយលោកនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា៕