(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូយុវជនមកពីសមាគមជាតិចំនួន ១០ ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមវេទិកាយុវជនលើកទី២ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃស្អែកនេះហើយ។
វេទិកាយុវជនលើកទី២ នៃសមាគជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ និងបន្ដចូលរួមធ្វើជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងដំណើររបស់គណៈប្រតិភូអញ្ជើញមកនេះ ក៏មានក្រុមការងាររបស់កាកបាទក្រហមកម្ពុជា ចាំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចផងដែរ នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។
លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា «វេទិកាយុវជនលើកទី២ ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគមជាតិទាំង១១ ទទួលបានការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ ក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត។ លើសពីនោះពិនិត្យរួមគ្នាលើការអនុវត្តសេចក្ដីថ្លែងការណ៍របស់យុវជននៃវេទិកាយុវជនលើកទី១ បានធ្វើឡើងនៅប្រទេសព្រុយណេ កាលពីឆ្នាំ២០២២ និងការពិនិត្យពិភាក្សារកបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង និងរកដំណោះស្រាយថ្មីរួមគ្នាក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍»។
តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជាបានឱ្យដឹងទៀតថា វេទិកាយុវជនលើកទី២នេះ ក៏មានកម្មវិធីពិសេសមួយ គឺពិធីដាំដើមឈើ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំ ដាំដើមឈើចំនួនជាង ២ពាន់ដើម លើផ្ទៃដី២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។
សកម្មភាពដាំដើមឈើនេះ ជាការបណ្ដុះនូវឆន្ទៈ និងក្ដីស្រលាញ់ចំពោះបរិស្ថាន ហើយក៏ជាការរួមចំណែកកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានកំណើនបរិស្ថានបៃតង ដែលនឹងមានការចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការសាខា យុវជន អ្នកស្ម័គ្រចិត្តទាំង ២៥ រាជធានីខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ៥០០នាក់។
បន្ទាប់ពីបញ្ចប់នូវកម្មវិធីដំាំដើមឈើ ប្រតិភូយុវជនទាំងអស់ នឹងទៅទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង ដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀតនៃច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈប្រវត្តិដ៏ជូរចត់ដែលធ្លាប់កើតមាននៅកម្ពុជា។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ ៤០នាក់។
មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ នឹងមានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលវេទិកានេះប្រារព្ធធ្វើចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់៕