(ភ្នំពេញ)៖ លោកវរសេនីយ៍ឯកពិសេស ហាវ លីនយាន នាយករង នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភា នៃគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា សមយុទ្ធសុខាភិបាលយោធាលើកទី១ រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទឹកដីកម្ពុជា នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតរវាងទំនាក់ទំនងកងទ័ពទាំងពីរ។
ការលើកឡើងបែបនេះ របស់លោកវរសេនីយ៍ឯកពិសេស ហាវ លីនយាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញថ្លែងសន្ទរកថាបើកជាផ្លូវការ នៃការធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នាបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកពិសេស ហាវ លីនយាន បានបន្តថា សមយុទ្ធទេវតាសន្តិភាព-២០២៣ ជាសមយុទ្ធដែលបង្កើតដោយកងទ័ពទាំងពីរ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ហើយពង្រឹង និងពង្រីកការផ្លាស់ប្តូរនៃវិស័យយោធា ភាគីចិន រីករាយសហការជាមួយភាគីមិត្ត រក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ ហើយឆ្លៀតឱកាសសមយុទ្ធលើកនេះជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ទៅលើវិស័យសុខាភិបាលយោធាផងដែរ។
លោកវរសេនីយ៍ឯកពិសេស ហាវ លីនយាន បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកមានឧត្តមគតិរួមទោះជាឃ្លាតគ្នារាប់ពាន់យោជន៍ ក៏អាចដើរជាមួយគ្នា ក្រោយពួកខ្ញុំមកដល់បញ្ជាការដ្ឋានកងទ័ពពិសេស នៃកងទ័ពជើងគោក ពួកខ្ញុំរីករាយ បានឃើញថាកងទ័ពយើងទាំងពីរប្រកៀកស្មារ ហ្វឹកហ្វឺនជាមួយគ្នា ពួតដៃដើរឆ្ពោះទៅមុខ រៀបចំបានយ៉ាងរហ័សរហួន អំពីចំណេះវិជ្ជាសុខាភិបាល ហើយជួយសង្គ្រោះរួមការបង្ការជំងឺឆ្លង សរបញ្ជាក់ឱ្យឃើញថាអំពីភាពស្វាហាប់ ក្លៀវក្លា ប៉ិនប្រសព្វ និងមនោសញ្ចេតនារវាងកងទ័ពសុខាភិបាលប្រទេសយ៉ាងទាំងពីរ ហើយបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់សមយុទ្ធ»។
លោកក៏បានបានបញ្ជាក់ថា សមយុទ្ធសុខាភិបាលយោធាចិន-កម្ពុជា «Peace Angel-2023» គឺជាម៉ាកសញ្ញាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់ដែលបង្កើតឡើងដោយយោធាទាំងពីរ ក្នុងគោលបំណងបង្រួបបង្រួម និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងពង្រីកការផ្លាស់ប្តូរយោធារវាងប្រទេសទាំងពីរ។
«ខ្ញុំជឿជាក់ថាក្រោមការដឹកនាំដ៏រឹងមាំនៃមេដឹកនាំកងទ័ពទាំងពីរ និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមយុទ្ធនៃប្រទេសទាំងពីរ សមយុទ្ធលើកនេះប្រាកដជាទទួលផ្លែផ្កា ហើយបើកទំព័រថ្មី សម្រាប់ទំនាក់ទំនងកងទ័ពយើងទាំងពីរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកវរសេនីយ៍ឯកពិសេស ហាវ លីនយាន។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯកពិសេស ហាវ លីនយាន បានលើកឡើងទៀតថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិន និងកម្ពុជា និង «ឆ្នាំនៃមិត្តភាពចិន-កម្ពុជា»ដូចដែលយើង ដឹងស្រាប់ហើយថាមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាកាន់តែរឹងមាំឡើងៗ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរទំនាក់ទំនងទៅវិញទៅមក នាពេលបច្ចុប្បន្ន បានបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាព និងការរីកចម្រើន។
លោកវរសេនីយ៍ឯកពិសេស បានបន្ថែមទៀតថា៖ «ខ្យល់ខ្លាំងស្គាល់ស្មៅដ៏រឹងមាំ ហើយមិត្តដែលត្រូវការ គឺជាមិត្តពិតប្រាកដ» ក្នុងរយៈពេលជាង៣ឆ្នាំចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្នាំ២០២០ ប្រឈមមុខនឹងការសាកល្បងនៃការផ្ទុះឡើងជាសកល ប្រទេសទាំងពីរ និងយោធាទាំងពីរ។ បានជួយគ្នាទៅវិញទៅមក ជម្នះការលំបាកជាមួយគ្នា និងឈានដល់ពេល ដែលពួកគេ ត្រូវការបំផុត។ ការជួយគ្នាទៅវិញទៅមក ការបរិច្ចាគសម្ភារៈប្រឆាំងនឹងជំងឺរាតត្បាត ចែករំលែកបទពិសោធន៍ប្រឆាំងនឹងជំងឺរាតត្បាត និងការចាប់ដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា បង្ហាញពីស្មារតីសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំ។
សម្រាប់សមយុទ្ធរួមគ្នានេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។ ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជាមានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការ ចំនួន៣៣៤នាក់៕