(កណ្តាល)៖ លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តកណ្តាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្កេតការណ៍លើដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ព្រមទាំងបានចូលរួមចំណែកយ៉ាងផុលផុសជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានផ្លែផ្កា និងជោគជ័យ។
លោក គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល គឺពិតបានរួបរួមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ស្របតាមខ្លឹមសារនៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក៏ដូចជា សេចក្តីណែនាំនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះទាំងឡាយឱ្យបានទាន់ពេលវេលា គឺជាសកម្មភាពដ៏ល្អប្រពៃដែលបានផ្តល់តម្លៃយ៉ាងសំខាន់ដល់មនុស្សជាតិ ជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ បានទាក់ទាញទឹកចិត្តគាំ ទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និងទទួលបានការអបអរសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តកណ្តាល។
នាឱកាសនោះ លោកអភិបាលខេត្តកណ្តាល បានជំរុញសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលទាំងអស់ ត្រូវតែមានភាពច្បាស់លាស់ អំពីចក្ខុវិស័យ ទិសដៅ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។
ការងារចំពោះមុខ លោក គង់ សោភ័ណ្ឌ បានលើកទឹកចិត្តដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបំប៉នសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីឱ្យ ប្អូនៗត្រៀមខ្លួន បានកាន់តែប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នាពេលខាងមុខ។ ជាពិសេសត្រូវចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការរាយការណ៍អំពីករណីគ្រឿងញៀន និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស និងយុវជនផងដែរ៕