(កណ្តាល)៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយ ផលិតផលមួយ)»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សាលាខេត្តកណ្ដាល។  

លោកអភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព វេទិកាផ្គូផ្គងនេះមានបំណងបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។ លើសពីនេះ ពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗ ដូចជាអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមយុវជន ដែលអាចផ្តល់ការគាំទ្រជាបច្ចេកទេស និងធនធានក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ វេទិកានេះក៏រួមបញ្ចូលការតាំងផលិតផល ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអោយកាន់តែទូលាយផងដែរ។

លោកអភិបាលរងខេត្តបានបន្តថា ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុកព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ម្យ៉ាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជំរុញឱ្យ អ្នកពាក់ព័ន្ធ ណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។

លោកបណ្ឌិត សួង ណយ បានថ្លែងថា៖ «វេទិកានេះមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហារវាងអ្នកផលិត និងអ្នកទិញ ធ្វើយ៉ាងណាឱ្យអ្នកផលិត ផលិតហើយមានទីផ្សារ ហើយសម្រាប់អ្នកទិញនៅពេលត្រូវការទិញ មានផលិតផលដែលខ្លួនត្រូវការ។ ជាមួយគ្នានេះផងដែរវេទិកានេះស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានជំរុញ ធ្វើយ៉ាងណាឱ្យផលិតផលរបស់ខ្មែរយើង នាំចេញនៅក្នុងតំបន់ និងឈានទៅដល់ ក្រៅប្រទេសផងដែរ ដូច្នេះយើងត្រូវតែប្រមូលផ្ដុំគ្នា រវាងអ្នកផលិត និងអ្នកទិញដើម្បីឈានទៅដល់ការដោះស្រាយនូវបញ្ហាមួយចំនួនដែលកំពុងតែជួបប្រទះផងដែរ»

លោកបណ្ឌិតបន្ថែមថា «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផលមួយ មានការដឹកនាំគំនិតផ្តួចផ្តើមអោយមានជំនួបរវាងអ្នកផលិត និងអ្នកទិញ កាត់បន្ថយគម្លាតរវាងអ្នកផលិត ក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។ តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ហើយយើងមានទំនុកចិត្តថាព្រឹត្តិការណ៍ថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តកណ្ដាល និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ»