(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធជាច្រើន មានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ អង្គការសម្អាតទន្លេសមុទ្រ ក្រុមហ៊ុនខេមប្រ៊ូ អាជ្ញាធរមូលដ្ឋាន កម្មកររបស់ក្រុមហ៊ុនប្រមូលសំរាមទាំង៣ យុវជន សិស្សានុសិស្ស និងស្ថាប័នដៃគូផ្សេងទៀត បានចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមត្រើយម្ខាងនៃមាត់ទន្លេសាប ចាប់ពីសាលាបឋមសិក្សាជ្រោយចង្វាដល់សណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានការរីកចម្រើនកាន់តែឈានឡើង ដូច្នេះធ្វើឱ្យចំនួនប្រជាពលរដ្ឋមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះចំនួនសំរាមដែលចេញពីការប្រើប្រាស់ក៏មានការកើនឡើងផងដែរ ក្នុងរង្វង់៣៧០០តោនក្នុងមួយថ្ងៃ។
លោកបានបញ្ជាក់ថា «ការរៀបចំទិវាសម្អាតពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការការពារបរិស្ថាន បញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម សំណល់រឹងផងដែរ»។
លោក នូ សុវណ្ណ ប្រធានអង្គការសម្អាតទន្លេសមុទ្រ បានបង្ហាញថា នៅឆ្នាំ២០២៨ខាងមុខ អង្គការរបស់លោកនឹងសហការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឱ្យអស់។ អង្គការក៏កំពុងនាំចូលទូកសម្អាតសំរាមនៅតាមទន្លេមួយទៅពីរគ្រឿងទៀត (ខែតុលា ឆ្នាំ២០២៣) ដែលមានសមត្ថកិច្ចអាចប្រមូលសំរាមបានច្រើន ខណៈបច្ចុប្បន្ននៅរាជធានីភ្នំពេញមាន១គ្រឿងកំពុងដំណើរការហើយ ហើយក៏បានបន្ថែមក្រុមការងារស្ម័គ្រចិត្តបាន១០០នាក់ទៀតផងដែរ ដើម្បីធ្វើការប្រមូលសំរាមនៅរាមដងទន្លេរៀងរាល់ថ្ងៃ។
លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានពាំនាំនូវការអំពាវនាវក្នុងការចូលរួមក្នុងយុទ្ធនាការ «ស្អាត វៃឆ្លាត និងបៃតង» របស់ក្រសួងទេសចរណ៍ ផ្សព្វផ្សាយជូនអ្នកចូលរួមទាំងអស់ផងដែរ ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកាន់តែច្រើន។
គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើកទី៦នោះដែរ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វាផងដែរ ហើយក្រុមអ្នកចូលរួមក៏បានដើរប្រមូលសំរាមដែលនៅតាមមាត់ទន្លេយ៉ាងសស្រាក់សស្រាំ។ ប៉ុន្តែយ៉ាងណាសំរាមនៅតាមទឹកទន្លេនៅតែមាន ដែលទាមទារឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ និងដៃគូនានាត្រូវតែចាត់វិធានការសម្អាត៕