(ភ្នំពេញ)៖ ការទប់ស្កាត់បទល្មើសព្រៃឈើ ការការពារអភិរក្ស ការស្តារ និងដាំដើមឈើឡើងវិញ ការដកហូតអនុផលព្រៃឈើដោយចីរភាព គឺជាភារកិច្ចចម្បងរបស់ប្រជាសហគមន៍ ជាមួយនឹងកិច្ចគាំពារយ៉ាងសកម្ម និងយកចិត្តទុកដាក់ពីដៃគូអភិវឌ្ឍ តាមរយៈគម្រោងអភិវឌ្ឍន៍នានាដែលដឹកនាំដោយក្រសួងបរិស្ថាន។
នេះជាការលើកឡើងរបស់លោក ទូច មន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ និងជាតំណាងប្រជាសហគមន៍ប្រមាណជាង៦០០គ្រួសារ ដែលស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ទូច មន បានបញ្ជាក់ទៀតថា តាមរយៈការគាំទ្ររបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី បានការកៀរគរគម្រោងអភិវឌ្ឍន៍នានា ពិតជាបានជួយលើកកម្ពស់ដល់ជីវភាពប្រជាសហគមន៍បានល្អប្រសើរជាងមុន។
បច្ចុប្បន្នសហគមន៍កំពុងសហការជាមួយក្រុមហ៊ុន LEOPA BAMBOO Co., LTD ក្នុងការរៀបចំបង្កើតរោងសិប្បកម្មកែច្នៃឫស្សី។ ជាក់ស្តែងការកែច្នៃឫស្សី ដែលសហគមន៍បានដកហូតពីព្រៃឫស្សីដោយចីរភាពនេះ បានផ្តល់ប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត។
គួររម្លឹកថា រាប់ចាប់ពីថ្ងៃចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានមក លោកបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូប្រមាណជិត២០ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះនៅគ្រប់ជំនួប លោករដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយពីសកម្មភាពយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញដល់ការគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចីរភាពបរិស្ថាន៕