(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងអាស៊ែបៃហ្សង់ បានត្រៀមខ្លួនរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ លើកទី៤ នៅឆ្នាំ២០២៤ ខាងមុខនេះ។

ការបញ្ជាក់អំពីការត្រៀមខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែល លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមពី លោក Shovgi Kamal oglu Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។

ក្នុងជំនួបនេះ លោកបណ្ឌិត ចែម វីឌ្យ៉ា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងអាហ្សែបៃហ្សង់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងនយោបាយ និងអន្តរសភាយ៉ាងជិតស្និទ្ធ និងសកម្ម។ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការជូនពររបស់លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទររបស់រដ្ឋាភិបាល អាស៊ែបៃហ្សង់ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបោះឆ្នោតសកលប្រកបដោយជោគជ័យ។

បើតាមក្រសួងការបរទេស, ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការអប់រំ ទេសចរណ៍ វប្បធម៌ សម្ព័ន្ធភាពរវាងទីក្រុង ការដោះមីន កិច្ចការអាស៊ាន​ និង កិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់។ ភាគីទាំងពីរក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ លើកទី៤ នៅរាជធានីភ្នំពេញនៅដើមឆ្នាំ២០២៤៕