(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកសមយុទ្ធសុខាភិបាលរួមគ្នាមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។ សមយុទ្ធនេះ បានរៀបចំឡើងក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។
សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ បានរៀបចំខ្លឹមសារសមយុទ្ធជា កម្លាំងទ័ពពិតធ្វើការចល័តតាមទីតាំងផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្ដែង តាមប្រធានបទ ខាងលើមានចំនួន៧ ក្នុងនោះរួមមានទី១៖ ការបញ្ជាកម្លាំងសុខាភិបាលរួមគ្នា, ទី២៖ ការដឹកជញ្ជូនកម្លាំងទ័ព, ទី៣៖ ការពង្រាយកម្លាំងប្រតិបត្តិការ, ទី៤៖ ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ, ទី៥៖ ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត, ទី៦៖ ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស, និង៧៖ ការការពារបង្ការជំងឺឆ្លង។
សម្រាប់សមយុទ្ធរួមគ្នានេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។ ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជាមានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការ ចំនួន៣៣៤នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការមច្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលខេមរភូមិន្ទ បានអញ្ជើញបើកសមយុទ្ធ និងបានផ្តល់បទសម្ភាសន៍ពីដំណើរនៃការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរ៕
ខាងក្រោមនេះជាវីដេអូសម្ភាសន៍របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖