(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកសមយុទ្ធសុខាភិបាលរួមគ្នាមួយ ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។

សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជាមានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការ ចំនួន៣៣៤នាក់។

សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ បានរៀបចំខ្លឹមសារសមយុទ្ធជា កម្លាំងទ័ពពិតធ្វើការចល័តតាមទីតាំងផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្ដែង តាមប្រធានបទ ខាងលើមានចំនួន៧ ក្នុងនោះរួមមានទី១៖ ការបញ្ហាកម្លាំងសុខាភិបាលរួមគ្នា, ទី២៖ ការដឹកជញ្ជូនកម្លាំងទ័ព, ទី៣៖ ការពង្រាយកម្លាំងប្រតិបត្តិការ, ទី៤៖ ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ, ទី៥៖ ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត, ទី៦៖ ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស, និង៧៖ ការការពារបង្ការជំងឺឆ្លង។

ចំពោះការប្រើប្រាស់គ្រឿងបំពាក់របស់ភាគីទាំងពីរ៖

*ភាគីចិនប្រើប្រាស់យន្តហោះសង្គ្រោះសុខាភិបាល ប្រភេទ Y-9 ចំនួន ០១គ្រឿង រថយន្តសុខាភិបាល ចំនួន០៣គ្រឿង (រថយន្តសង្គ្រោះបន្ទាន់លទ្ធភាពចល័តខ្ពស់ ចំនួន០១គ្រឿង រថយន្តបង្ការ ជំងឺឆ្លងលទ្ធភាពចល័តខ្ពស់ ចំនួន០១គ្រឿង រថយន្តសង្គ្រោះ សម្ពាធទាបចំនួន ០១គ្រឿង) បរិក្ខារសង្គ្រោះ និងសម្ភារធានាគ្រប់ ប្រភេទប្រមាណ១០០០ឈុត និងប្រើប្រាស់យន្តហោះដឹកជញ្ជូន ប្រភេទ Y-20A ចំនួន ០៦គ្រឿង សម្រាប់ដឹកជញ្ជូនកម្លាំងទ័ព និងសម្ភារ។

*ភាគីកម្ពុជាប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទ Mi-17 ចំនួន ០២គ្រឿង ឧទ្ធម្ភាគចក្រ ប្រភេទ Z-9 ចំនួន ០២គ្រឿង រថយន្តសង្គ្រោះចំនួន ០៦គ្រឿង ព្រមទាំងបរិក្ខាររសុខាភិបាល និងសង្គ្រោះមួយចំនួនទៀត។

សមយុទ្ធនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការមច្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលមខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ហាវ លីយាន នាយករង នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គងភស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យកងទ័ពចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ ហេតុនេះសូមប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប។ ការពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៣។

គួរឱ្យដឹងថា កងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមាន លក្ខណៈ ទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភេរវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់។

ជាក់ស្ដែងឆ្នាំ២០២៣ កងទ័ពទាំងពីរបានបញ្ចប់សមយុទ្ធរួមគ្នា គឺសមយុទ្ធនាគមាស ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស ២០២៣នេះដែរ កងទ័ពប្រទេសទាំងពីរ បានឯកភាពគ្នារៀបចាំធ្វើសមយុទ្ធថ្មីមួយទៀត នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣នេះ ឈ្មោះថា «លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា-ចិន»