(តាកែវ)៖ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនគ្រប់គ្រងអចលនវត្ថុ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក (ត្រាំខ្នារ)។

ថ្លែងក្នុងពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំងវិស្វកម្ម កងទ័ពជើងគោក ចំពោះការងារដែលសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ, ការងារសំណង់អគារ, ការងារស្ថាបនាបណ្តាញ ផ្លូវគមនាគមន៍, ការងារគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងគោក និងការចូលរួមបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការសហការរៀបចំវគ្គហ្វឹកហ្វឺនបម្រើឲ្យការងារមីននេះផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្ថែមថា សោកនាដកម្មនៃគ្រាប់មីន, កាកសំណល់សង្រ្គាម, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងការបន្សល់ទុកកុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដូចនេះកងទ័ពជើងគោក ត្រូវបង្កើន និងពង្រឹង សមត្ថភាពបន្ថែមទៀតសម្រាប់ប្រតិបត្តិការបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ និងមិនត្រូវរំលោភបំពានដីប្រជាពលរដ្ឋដាច់ខាត។

នៅក្នុងពិធីនេះ ក៏មានការប្រគល់នូវរថយន្តសង្រ្គោះចំនួន១៧គ្រឿង រួមជាមួយម៉ាស៊ីន GPS ចំនួន១៥គ្រឿង និងកុំព្យូទ័រយួរដៃចំនួន១៥គ្រឿង ដែលជាអំណោយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ជូនដល់បណ្តាកងអនុសេនាតូចដោះមីន កងទ័ពជើងគោក ដែលបញ្ជាក់ឲ្យឃើញការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើវិស័យបោសម្អាតមីន ដើម្បីរំដោះផ្ទៃដី និងលុបបំបាត់ភាពក្រីក្រជូនប្រជាពលរដ្ឋ៕