(សៀមរាប)៖​ លេីកឡេីងក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងផ្តល់ជូនសម្ភារសុវត្ថិភាពការដ្ឋានផ្លូវថ្នល់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នេីដល់មន្ត្រីមន្ទីរគ្រប់ៗរូប​ ឱ្យបន្តខិតខំបំពេញការងារ​ ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ដេីម្បីចូលរួមសម្រេចគោលដៅរបស់ក្រសួង។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានគិតគូរជាពិសេសលើយន្តការថ្មីៗ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន ដែលមានភាពធន់ខ្ពស់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

នាឱកាសនោះលោករដ្ឋមន្ត្រី បានអញ្ជើញជាកិត្តិយសផ្តល់ជូននូវសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន៖ មួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរ សម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់របស់មន្ទីរ៕