(ភ្នំពេញ)៖ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំការប្រគំតន្រ្តីអូខេស្រ្តា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ (១៩៥៣-២០២៣) នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, លោក អ៉ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងជាសហប្រធានគណៈកម្មការប្រតិបត្តិជប៉ុន សម្រាប់ខួបលើកទី៧០ នៃមិត្តភាពជប៉ុន និងកម្ពុជា, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនកុះករ នៅសាលអង្គរ-គីហ្សូណា ក្នុង CJCC។
ការប្រគំតន្ត្រីអូខេស្ត្រាជាច្រើនដង សម្តែងដោយក្រុម Worldship Orchestra (WSO) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងនានា។ WSO គឺជាគម្រោងរបស់ NPO Worldship ជាអង្គការមិនរកប្រាក់ចំណេញ បង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ មានគោលបំណងផ្ដល់ឱ្យកុមារជុំវិញពិភពលោកនូវ «បទពិសោធន៍វង់តន្ត្រីដំបូង»។
បច្ចុប្បន្នកំពុងធ្វើការលើសកម្មភាពពីរ គឺកម្មវិធីសម្តែងនៅក្រៅប្រទេស ដើម្បីផ្តល់ឱ្យកុមារនៅក្នុងប្រទេសអាស៊ីជាច្រើន ដែលមិនមានឱកាសទទួលបានការអប់រំផ្នែកសិល្បៈ តន្ត្រី ឬទស្សនាការសម្ដែងឧបករណ៍តន្ត្រីផ្ទាល់ ដើម្បីទទួលបានបទពិសោធន៍ នឹងចាប់អារម្មណ៍លើតន្ត្រី និងសកម្មភាពគាំទ្រវង់តន្រ្តីយុវជនក្រៅប្រទេស។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុម WSO ប្រគំតន្ត្រីនៅកម្ពុជា តែលើកនេះពិសេសដោយការប្រគំតន្ត្រីក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា។ សង្ឃឹមថា អ្នកចូលរួមនឹងរីករាយជាមួយតន្ត្រីអូខេស្ត ហើយតាមរយៈតន្ត្រីនេះ នឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន។ ហើយក៏សង្ឃឹមយ៉ាងមុតមាំផងដែរ ថាការប្រគំតន្ត្រីនេះនឹងផ្ដល់ឱ្យអ្នកចូលរួមបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
បើតាមលោក ចាន់ រតនា ជាសហប្រធានគណៈកម្មការប្រតិបត្តិកម្ពុជា សម្រាប់ខួបលើកទី៧០ នៃមិត្តភាពកម្ពុជា និងជប៉ុន បានថ្លែងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមិត្តភាពកម្ពុជា-ជប៉ុន បានតំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាកម្រិតកិច្ចសហការខ្ពស់បំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ លោកបានបន្ថែមថា ការប្រគំតន្ត្រីដ៏អស្ចារ្យនេះ គឺជាឱកាសមួយទៀតសម្រាប់ជំរុញឱ្យកាន់តែជិតស្និទ្ធ ការភ្ជាប់វប្បធម៌ និងប្រជាជនយើងទាំងពីរថែមទៀត។ ព្រឹត្តិការណ៍ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រមួយទៀតនឹងកើតមាននៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ គឺការបាញ់កាំជ្រួចមិត្តភាពកម្ពុជា-ជប៉ុន នៅមុខព្រះបរមរាជវាំង។
ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា រយៈពេល៧០ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសកម្ពុជា-ជប៉ុន បានអភិវឌ្ឍក្រោមការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការក្នុងដំណើរការស្វែងរកសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសកម្ពុជាមានក៏ការកើនឡើងផងដែរ។ សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងរីកចម្រើនឥតឈប់ឈរ។
នាឱកាសនោះដែរ លោក អ៉ីណូ អាត់ស៊ុស៊ី បានថ្លែងថា៖ «ការអញ្ជើញវង់តន្រ្តីជប៉ុន មកកាន់ប្រទេសកម្ពុជាដើម្បីអបអរសាទរខួបលើកទី៧០នការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដើម្បីប្រជាជនកម្ពុជាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃទំនាក់ទំនងរបស់យើង៧០ឆ្នាំមកនេះ ស្របពេលយើងរីករាយជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ។ សមាជិកនៃវង់តន្រ្តី Worldship Orchestra ដែលកំពុងសំដែងនៅទីនេះ សព្វថ្ងៃ កំពុងធ្វើការដើម្បីលើកកម្ពស់ការអប់រំតន្រ្តី មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ីផ្សេងទៀត និងដើម្បីបណ្តុះតន្រ្តីករជំនាន់ក្រោយផងដែរ»។
ប្រទេសជប៉ុន បានចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីសន្តិភាពនៅកម្ពុជា នៅទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៩០។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩១ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងសន្តិភាពនៅកម្ពុជា និងគាំទ្រដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ។
ប្រទេសជប៉ុន បានចាត់បញ្ជូនបុគ្គលិកចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឆ្នាំនេះ ជាឆ្នាំខួបលើកទី៣០ នៃការបោះឆ្នោតសភាធម្មនុញ្ញ ដែលត្រូវបានរៀបចំឡើងដោយអ៊ុនតាក់ (UNTAC)៕