(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីសម្រេចថ្មីមួយស្តីពីគោលការណ៍នៃការតែងតាំងទីប្រឹក្សា និងជំនួយការនៃរដ្ឋសភា។ លក្ខខណ្ឌនៃការតែងតាំងទីប្រឹក្សា និងជំនួយការនេះ គឺដូចទៅនឹងការតែងតាំងទីប្រឹក្សា និងជំនួយការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលផងដែរ។ សេចក្តីសម្រេចបានសង្កត់ធ្ងន់ទៅលើការតែងតាំទីប្រឹក្សា ឬជំនួយការ ដែលជាមន្ត្រីរាជការ មេធាវី ឬឧកញ៉ា អ្នកឧកញ៉ា មិនមានផ្តល់ឋានៈស្មើ និងប្រាក់បំណាច់នោះឡើយ។
ក្នុងមាត្រា១ បានបញ្ជាក់ថា សេចក្តីសម្រេចនេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទ សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការនៃរដ្ឋសភា ដែលរួមមាន ទីប្រឹក្សា និងជំនួយការរដ្ឋសភា ទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា សម្តៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញមុខងារ។
ក្នុងមាត្រា៥ បានគូសរំលេចថា ការតែងតាំងទីប្រឹក្សា និងជំនួយការរដ្ឋសភា ទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ត្រូវបំពេញតាមគោលការណ៍ និងលក្ខខណ្ឌណាមួយដូចខាងក្រោម៖
១៖ មន្ត្រីនយោបាយ ឬបុគ្គលផ្សេងទៀត ដែលមិនស្ថិតនៅក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល ឬយោធិន អាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋសភា ដោយបានទទួលការផ្ដល់ឋានៈស្មើ បន្ថែមលើមុខងារបច្ចុប្បន្ន និងប្រាក់បំណាច់កម្រិតណាមួយបាន។
២៖ ការតែងតាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យបំពេញមុខងារជាទីប្រឹក្សា ឬជំនួយការ រដ្ឋសភា ទីប្រឹក្សាឬជំនួយការប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភាបន្ថែមលើមុខងារបច្ចុប្បន្ន មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តកាតព្វកិច្ចជាមន្ត្រីរាជការ ហើយមិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់ឡើយ។
៣៖ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន អាចទទួលការតែងតាំងជាទីប្រឹក្សា ឬជំនួយការនៃរដ្ឋសភា បន្ថែមលើមុខងាបច្ចុប្បន្នបានក្នុងលក្ខខណ្ឌដែលមន្ត្រីរាជការសាមីនោះ មិនទទួលបានការផ្ដល់ឋានៈស្មើ និងប្រាក់បំណាច់បន្ថែមកម្រិតណាមួយឡើយ។
៤៖ មេធាវី ឬអ្នកវិជ្ជាជីវៈសេរី ដែលកំពុងប្រកបវិជ្ជាជីវៈអាចទទួលការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋសភា និងទីប្រឹក្សា ឬជំនួយការប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ក្នុងលក្ខខណ្ឌ ដែលមិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយឡើយ។
៥៖ មេធាវី ឬអ្នកវិជ្ជាជីវៈសេរី ដែលមិនប្រកបវិជ្ជាជីវៈអាចទទួលការតែងតាំងជាទីប្រឹក្សា និងជំនួយការរដ្ឋសភា ទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ដោយទទួលបានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយបាន។
៦៖ បុគ្គលដែលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួលបានគោរមងារឧកញ៉ា អាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋសភា ក្នុងលក្ខខណ្ឌដែលមិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយឡើយ។
ក្នុងសេចក្តីសម្រេចនេះ ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃចូលជាធរមាននៃសេចក្តីសម្រេចនេះ ទីប្រឹក្សានិងជំនួយការរដ្ឋសភា ទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា ដែលត្រូវបានតែងតាំងរួចហើយ ទទួលបានការផ្ដល់ឋានៈស្មើ ត្រូវដាក់ពាក្យសុំនៅក្រៅក្របខណ្ឌដើម។ ផុតពីរយៈពេល ៦ខែនេះ ប្រាក់បំណាច់មុខងារជាទីប្រឹក្សា និងជំនួយការត្រូវកាត់ផ្តាច់ និងជំនួសដោយប្រាក់បំណាច់មុខងារនៅតាមអង្គភាពដើមរបស់មន្ត្រីរាជការនោះវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានចេញព្រះរាជក្រឹត្យ ស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិផងដែរ។
សេចក្តីសម្រេចទាំងនេះ ត្រូវបានគេមើលឃើញជាការធ្វើកំណែទម្រង់មួយលើការតែងតាំងទីប្រឹក្សា និងជំនួយការ ដែលជាចំណែកមួយជួយកាត់បន្ថយការចំណាយថវិកាជាតិ៕