(ភ្នំពេញ)៖ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានស្នើឱ្យប្រធានតំណាង JICAប្រចាំកម្ពុជា បន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជាជន្ទុលរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៧%ឡើងវិញ។ នេះគឺជាការលើកឡើងក្នុងជំនួបទ្វេភាគី រវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកសានុយ កាហ៊្សុម៉ាសា (Sanui Kazumasa)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ការពង្រឹងលើការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាចំណុចគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថាជាចំណុចគន្លឹះមួយសម្រាប់កម្ពុជាក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ឡើងវិញ នៅថ្ងៃអនាគត និង សម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»

សម្រាប់លោករដ្ឋមន្ត្រី ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចឱ្យបាននូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។
ទន្ទឹមនឹងនេះ លោកសានុយ កាហ៊្សុម៉ាសា (Sanui Kazumasa)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ប្រចាំកម្ពុជា បានឯកភាពក្នុងការពិនិត្យសំណើរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងយកចិត្តទុកដាក់ ហើយក៏បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារ JICA ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយថាជប៉ុនគ្រោងបង្កើនចំនួនបុគ្គលិកស័្មគ្រចិត្ត JICA នៅកម្ពុជាពី៣០នាក់ក្នុងឆ្នាំនេះ ទៅដល់ ៦០នាក់នៅឆ្នាំក្រោយ។

យ៉ាងណាក៏ដោយ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យជិតស្និទ្ធបន្ថែមទៀតខណៈដែលប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣នេះ៕