(ប៉េកាំង, ចិន)៖ លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាប្រជាជនចិន បានវាយ​តម្លៃខ្ពស់ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជ្រើសរើសប្រទេសចិន សម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។ លោក​ប្រធានសភាប្រជាជនចិន បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច​ធិប​តី នឹងធ្វើឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខ។

ប្រធានសភាប្រជាជនចិន បានគូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែ​កញ្ញា ឆ្នាំ២០២៣នេះ នៅមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនោះ ក្រៅតែពីការវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រទេសចិន សម្រាប់​ដំណើទស្សនកិច្ចផ្លូវការហើយនោះ លោក ចាវ ឡឺជី ក៏បានសម្តែងការអបអរសាទរ ចំពោះសម្តេចធិបតី ដែលត្រូវ​បានប្រជាជន និងរដ្ឋសភាបោះឆ្នោតគាំទ្រជានាយក​រដ្ឋមន្ត្រី។ លោក ឡឺជី ក៏បានសាទរចំពោះជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្ស​ប្រជា​ជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ផងដែរ។

លោក ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិ​បត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយ​ប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងវាយ​តម្លៃ​ខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ព្រមទាំងបានពាំនាំនូវក្ដីនឹករលឹក និងការផ្តាំសួរ​សុខ​ទុក្ខ​ពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​កម្ពុជាផង​ដែរ។ សម្ដេចធិបតី ក៏បានគូសរំលេចជូនលោក ចាវ ឡឺជី នូវសារនយោបាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សារទី១ នោះគឺ ជោគជ័យ​ដ៏ភ្លូក​​ទឹកភ្លូកដីនេះបង្ហាញអំពីអារម្មណ៍កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា, ជាពិសេសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងនៅជាប់រួម​សុខ​រួម​ទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់ កាលៈទេសៈទាំងអស់។ សារទី២ គឺជាការផ្ដល់​ជំនឿ​ទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេន នៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹក​នាំកម្ពុជាទៅក្នុងវដ្ដថ្មីនៃការអភិវឌ្ឍ។

សម្ដេចធិបតី បានអរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាង​ច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដូចជាការជួយ​ឧបត្ថម្ភ​គាំទ្រដល់កម្ពុជាទាន់ពេល ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ជាដើម។

សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមជូនលោក ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និង​គោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ទោះជា​ពិ​ភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ក៏ដោយ។ សម្ដេចធិប​តី និង លោក ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅនៃ ការបង្កើនទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។

ក្នុងនាមជាសមាជិកសភាមួយរូប សម្ដេចធិបតី បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរ​ទស្សន​កិច្ច​នេះ នឹងមានផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេសសម្រាប់​សមា​ជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈជាមួយ​គ្នា។

លោក ចាវ ឡឺជី ក៏បានយល់ស្របចំពោះការស្នើនេះ និងប្តេជ្ញាជំរុញទំនាក់ទំនង​រវាង​សភា​នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយមេត្រីភាព ដោយមិន​កំណត់​នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ។

ទន្ទឹមនឹងការឯកភាពបន្ត​សហការ, ផ្លាស់ប្តូរនូវបទពិសោធន៍ និងខិតខំអនុវត្តគម្រោង​ដែល​បានព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ, សម្ដេចធិបតី និងលោក ចាវ ឡឹជី បានឯកភាពចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាម​លក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។ ជារួមកម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុក​ចិត្តបាន ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់រាល់ការប៉ុនប៉ង ឬ ជ្រៀតជ្រែក​ពី​ខាងក្រៅ។

មុននឹងបញ្ចប់កិច្ចពិភាក្សានោះ លោក ចាវ ឡឺជី ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តី​នឹក​រលឹកជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជូនចំពោះសម្ដេច​ពញាចក្រី ហេង សំរិន, សម្ដេចតេជោ ហ៊ុន សែន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ៕