(កណ្ដាល)៖ វិទ្យាល័យអប់រំពិសេសសម្រាប់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងដែលមានកំពស់៣ជាន់ ស្មើនឹង១៨បន្ទប់ នៅក្នុងបរិវេណ វិទ្យាល័យ អប់រំពិសេស ក្រុងតាខ្មៅ។

ពិធីនេះធ្វើឡើងក្រោមអធិបតិភាពលោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

លោក ជា ជាតិ បានថ្លែងពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាព ដែលអនុញ្ញាតដល់វិស័យអប់រំមានការរីកចម្រើនកាន់តែល្អឡើង ក្នុងនោះក៏សូមកោតសរសើរដល់វិទ្យាល័យអប់រំពិសេស ដែលមានការរីកលូតលាស់ និងបានសម្រចការងារកាន់តែល្អប្រសើរឡើង ក្នុងការជួយអប់រំកុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ខណ:នេះក៏មានការបុកគ្រឹះសាងសង់អគារសិក្សាមួយខ្នងកម្ពស់៣ជាន់ស្មើនឹង១៨បន្ទប់។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេស បានថ្លែងថា គម្រោងនេះស្តង់ដាខ្នាតអាស៊ានដែលគម្រោងចំណាយជាង ៣លានដុល្លារសហរដ្ឋអាមេរិក។ អគារដំបូងដែលបុកគ្រឹះសាងសង់នេះមានតម្លៃជាង ៦០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នលោកទទួលបានថវិកាជំនួយប្រមាណជាង៥ម៉ឺនដុល្លារប៉ុណ្ណោះ។

លោក ចាន់ សារិន បន្តថា «គម្រោងនេះអាចនឹងទទួលទាំងសិស្ស និងគ្រូជាង៤០០នាក់ ហើយអរគុណប្រមុខរាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ដែលធ្លាប់បានជួយទំនុកបម្រុងនាពេលកន្លងមក និងស្នើសុំបន្តជួយដល់ គម្រោងសាងសង់នេះផងព្រោះថវិកានៅខ្សត់ខ្សោយនៅឡើយ»

លោកបានរៀបរាប់ទៀតថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានប្រែក្លាយពីសាលាអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ យោងតាមលិខិត៥១ សជណ ចុះថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងសេចក្តីប្រកាសលេខ៣១៣ អយក.ប្រក. ចុះថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនាយករដ្ឋមន្រ្តី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អគារសិក្សា ថវិកា ព្រមទាំងផ្តល់ក្របខ័ណ្ឌពិសេសជូនលោកគ្រូ អ្នកគ្រូយើងចំនួន៣៥នាក់ ស្រី២០នាក់។

សព្វថ្ងៃនេះ វិទ្យាល័យមានអគារសិក្សាចំនួន២ខ្នង ស្នើនិង១៣បន្ទប់ បន្ទប់កុងទែន័រចល័តចំនួន៨បន្ទប់ នឹងនៅសាលាឧបសម្ព័ន្ធទាំង៣ទីតាំងមានចំនួន០៨បន្ទប់។ បុគ្គលិក និងគ្រូបង្រៀនសរុបចំនួន៦៣នាក់ ស្រី៣៦នាក់ ក្នុងនោះគ្រូក្របខណ្ឌរដ្ឋសរុបចំនួន៣៥នាក់ ស្រី២០នាក់ គ្រូជាប់កិច្ចសន្យាសរុបចំនួន១៥នាក់ ស្រី០៧នាក់ គ្រូស្ម័គ្រចិត្តសរុបចំនួន០៨ នាក់ ស្រី០៦ បុគ្គលិកស្ម័គ្រចិត្តសរុបចំនួន០៥នាក់ ស្រី០៣នាក់។ វិទ្យាល័យ អប់រំពិសេសមានសិស្សអូទីស្សឹម និងពិការភាពសតិបញ្ញាចំនួន២៣៥នាក់ ស្រី៥៨នាក់។

លោកបានលើកឡើងពីសមិទ្ធផលនានាដែសម្រចបាន ជាការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនសំខាន់ៗរួមមាន៖ ធ្វើរបងព័ទ្ធជុំវិញសាលា ចាក់ខ្សាច់ ក្នុងទីធ្លា កសាងបន្ទប់ទឹក ជួសជុលបន្ទប់រៀន បំពាក់ជណ្តើរយន្ត បណ្តុះបណ្តាលគ្រូបង្រៀន ផលិតសម្ភារ:សិក្សា បង្រៀនដាំដើមឈើ ធ្វើសួនច្បារ ធ្វើខ្លោងទ្វារ បំពាក់កាមេរ៉ាសុវត្ថិភាព បំណាក់សម្ភារសិក្សានៅតាមថ្នាក់ រៀនស្របតាមស្តង់ដារអប់រំពិសេស ព្រមទាំងបានជំរុញលោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាផងដែរ ជាពិសេសលោកគ្រូ អ្នកគ្រូ បានខិតខំប្រឹងប្រែងបង្រៀនសិស្សអស់ពីសមត្ថភាពដើម្បី ឱ្យពួកគេបានយល់ដឹង និងចេះពីបំណិននៃការរស់នៅ ការទំនាក់ទំនងឱ្យដូច និងកុមារមិនពិការដែរ៕