(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហររបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចមហាបវរធិបតី ចូល​រួម​ក្នុងវេទិកាសំណេះសំណាល និងពិសារអាហារជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងប៉េកាំង។

នៅក្នុងវេទិកានេះ សម្តេចបានភ្លេចវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលដាក់ចេញដោយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង នោះទេ។ សម្តេចចាត់ទុកថា គំនិតផ្តួចផ្តើមនេះ គឺជាគន្លឹះក្នុងការជំរុញកំនើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគិនចិន ថែមទាំងលើកកម្ពស់ការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងចិនផងដែរ។

សម្តេចបានបន្ថែមថា នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តចិនជាដៃគូដ៏រឹងមាំ និងជឿទុកចិត្តបាន សម្រាប់ការអភិវឌ្ឍរបស់កម្ពុជានាថ្ងៃអនាគត ហើយកម្ពុជានឹងបន្តគាំទ្រ និងស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបន្តទៀត។

សម្តេចបានបញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់រូបខ្ញុំ ក៏នឹងបន្តរក្សាគោលនយោបាយសម្រាប់ចិន ជាពិសេសគោលនយោបាយចិនតែមួយ យ៉ាងខ្ជាប់ខ្ជួន និងប្រឆាំងរាល់ការជ្រៀតជ្រែងផ្ទៃក្នុងរបស់ប្រទេសចិន»

សម្តេចបានបន្តថា កម្ពុជាយល់ឃើញថា ធុរជន និងវិនិយោគិនជាតិ និងអន្តរជាតិ ជាតួអង្គមិនអាចខ្វះបាន ហើយរាជរដ្ឋាភិបាល ប្តេជ្ញាជំរុញការអភិវឌ្ឍវិស័យឯកជនឱ្យក្លាយទៅជាកម្លាំងចលករពិតប្រាកដ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈវេទិកាធុរកិច្ចនេះ កម្ពុជាសង្ឃឹមថា កម្ពុជានឹងក្លាយទៅជាគោលដៅវិនិយោគប្រកបដោយភាពទាក់ទាញ និងសក្តានុពល។ សម្តេចបានអញ្ជើញវិនិយោគិនចិន មកសិក្សា​អំពីសក្តានុពល និងវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា៕