(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំឲ្យកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ត្រូវអនុវត្តអោយបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានជោគជ័យ។

ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤។

លោក ឃួង ស្រេង បានរម្លឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

លោកថា យុទ្ធសាស្ត្របញ្ចកោណនេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ការបើកកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីជំរុញឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់, អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានជោគជ័យ»

លោកបន្តទៀតថា ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ការជំរុញការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រ មិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកឲ្យប្រជាពលរដ្ឋស្លាប់ដោយអត់បាយ។ ការអនុវត្តវិធានការ ធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណង់មិនមានច្បាប់ជាដើម។

លោក ឃួង ស្រេង បានជំរុញឲ្យកងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវសំលៀងឆន្ទះឲ្យមុតស្រួចក្នុងការបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការតៀមកម្លាំង ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ និងត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យប្រពៃណីជាតិធំៗនាពេលខាងមុខនេះ។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរលោក ឃួង ស្រេង បានណែនាំឲ្យមន្ត្រីទាំងអស់ សូមសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដើម្បីយកមកអនុវត្តអោយបានត្រឹមត្រូវ និងទទួលបានជោគជ័យ៕