(ប៉េកាំង, ចិន)៖ ក្នុងជំនួបទល់មុខគ្នាជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប ហើយការពារគ្នាទៅវិញទៅមកដោយមិនឱ្យកម្លាំងអមិត្តណាមួយចូលមកបំបែកបាននោះឡើយ។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសចិនក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជួបជាមួយមេដឹកនាំកំពូលៗរបស់ចិន។
ផ្តើមជំនួបដំបូងនាព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។
ជាកិច្ចស្វាគមន៍វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបានផ្លែផ្កាមិនអាចកាត់ថ្លៃបានជារៀងរហូតមក។
លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ា នៃការអភិវឌ្ឍសេដ្ឋកិច្ច។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មីរវាងកម្ពុជា-ចិន ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការបញ្ជាក់នូវជំហរនយោបាយដ៏មុតមាំរវាងមេដឹកនាំថ្មីរបស់កម្ពុជាលើទំនាក់ទំនងរវាងកម្ពុជា និងចិននេះ ប្រធានាធិបតីចិន បានបញ្ជាក់យ៉ាងមុតមាំថា ចិននៅតែបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ។ លោកប្រធានាធិបតីចិន ថែមទាំងបានប្រកាសប្តេជ្ញាការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរកម្ពុជា-ចិន ពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានថែមទៀតផង។
ដោយឡែកមេដឹកនាំថ្មីរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរនយោបាយខ្លួនទៅកាន់ប្រធានាធិបតីចិនវិញថា កម្ពុជានៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរកំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងអប់រំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ មិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ។ ជាក់ស្តែងការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។
ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចជូនប្រធានាធិបតីចិន អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។ ជាក់ស្តែង សម្ដេចធិបតី បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និង បានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាពិសេសនៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាល។
តាមរយៈការជ្រើសយកប្រទេសចិន ជាគោលដៅទស្សនកិច្ចផ្លូវការលើកដំបូងនេះ នាំឱ្យការវាយតម្លៃថា នយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សារៈសំខាន់លើទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាទំនាក់ទំនងដ៏ស្អិតល្មួតជាប្រវេណី ជាទំនាក់ទំនងរឹងមាំដូចដែកថែម ទំនាក់ទំនង ដែលផ្តល់តម្លៃឱ្យគ្នា គោរពគ្នារយៈពេល៦៥ឆ្នាំមកហើយនោះ៕