(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានពន្យល់ជុំវិញការអនុវត្ដកាតព្វកិច្ចសារពើពន្ធ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលតម្រូវឲ្យគ្រឹះស្ថានទាំងអស់ ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។
ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី «ការយល់ដឹងអំពីពន្ធដារ» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «តម្រូវតាមច្បាប់ពន្ធដារ គឺគ្រឹះស្ថានសាធារណៈរដ្ឋទាំងអស់ ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ត្រូវមាន VAT ម្ចាស់ដែលឈរឈ្មោះ គឺជារដ្ឋមន្ដ្រី ឬក៏ប្រធានអង្គភាព-ស្ថាប័ន»។
លោកអគ្គនាយកបានគូសបញ្ជាក់ថា តាមច្បាប់តម្រូវការ នៅក្នុងច្បាប់ចុះបញ្ជី រាល់គ្រឹះស្ថាន ឬក៏ឲ្យតែមានសកម្មភាពសេដ្ឋកិច្ច គឺត្រូវចុះបញ្ជីសារពើពន្ធ នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានលើកជាឧទាហរណ៍ថា នៅក្នុងក្រសួងសេដ្ឋកិច្ច ក៏ត្រូវចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារផងដែរ ពីព្រោះថា មានការធ្វើកុងត្រាមួយចំនួន ជាមួយវិស័យឯកជន នៅក្នុងការផ្គត់ផ្គង់ ដែលត្រូវយក VAT របស់រដ្ឋ យកមកកត់ត្រា។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដកាតព្វកិច្ចសារពើពន្ធ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណង ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងដើម្បីគ្រប់គ្រងការប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធភាព៕