(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតតម្រូវឱ្យក្រុមហ៊ុនមួយចំនួនចូលខ្លួន មកទូទាត់បំណុលពន្ធ ដែលបានជំពាក់ មានក្រុមហ៊ុនភាគច្រើន បានចូលខ្លួនមកដោះស្រាយ។
លោក គង់ វិបុល លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី «ការយល់ដឹងអំពីពន្ធដារ» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោកបានលើកឡើងថា ការចេញលិខិតតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចូលខ្លួន មកទូទាត់បំណុលពន្ធ តាមរយៈបណ្តាញផ្សព្វផ្សាយនានា គឺជាវិធានការមួយ ក្នុងចំណោមវិធានការដទៃទៀត នៅក្នុងការកៀគរចំណូល និងពង្រឹងនូវអនុលោមភាព និងភាពស្មើគ្នានៅក្នុងការបង់ពន្ធ។ ក្រោយពីការជូនដំណឹងបើគ្មានការចូលលខ្លួនមកដោះស្រាយ ឬតវ៉ាជំទាស់ទេ នឹងឈានដល់បិទគណនីធនាគារ បង្កកអាជ្ញាបណ្ណការនាំចេញនាំចូល ឬកសាងសំណុំរឿងទៅកាន់តុលាការ។
លោកបញ្ជាក់ថា បន្ទាប់ពីការចុះផ្សាយនេះ ក្រុមហ៊ុនដែលជំពាក់បំណុលពន្ធ បានចូលមកដោះស្រាយភាគច្រើន បើទោះបីជាមិនទាន់បានបង់បំណុលពេញក៏ដោយ ប៉ុន្តែក្រុមហ៊ុនទាំងនោះបានសន្យានឹងធ្វើការបង់ជាដំណាក់កាល។ ចំណែកមួយចំនួនទៀត ដែលមិនបានចូលខ្លួនមកដោះស្រាយ អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តនិតិវិធីកសាងសំណុំរឿង ទៅធនាគារឯកជន ដើម្បីបង្កកគណនីធនាគារ ក៏ដូចជាប្តឹងទៅតុលាការ៕