(ប៉េកាំង, ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសចិនក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជួបជាមួយមេដឹកនាំកំពូលៗរបស់ចិន។
ផ្តើមជំនួបនាព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។
នៅក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបានជារៀងរហូតមក។
លោកប្រធានាធិបតី ក៏បានថ្លែងអបអរសាទរជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានប្រជាជន និងរដ្ឋសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ លោកប្រធានាធិបតីជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ចំណងមិត្តភាព និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ និងកាន់តែរឹងមាំថែមទៀត។
លោកប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសដ៏ប្រពៃនេះ ផ្តាំផ្ញើនូវការនឹករលឹក និងក្តីស្រឡាញ់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកបានពុះពារ និងជម្នះគ្រប់ឧបសគ្គ និងសម្ពាធខាងក្រៅគ្រប់យ៉ាង ដើម្បីរក្សា និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់លោកប្រធានាធិបតី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។
សម្ដេចធិបតី បានពាំនាំនូវសេចកី្តនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ជូនចំពោះមិត្តចាស់របស់សម្ដេចតេជោ និងជាពិសេសជូនចំពោះ លោកប្រធានាធិបតី។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះប្រទេស និងប្រជាជនចិនដែលតែងយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្ដៅថ្វាយចំពោះការយាងដំណើរមកព្យាបាលព្រះរោគារបស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។ សម្តេចធិបតី សូមវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ ។
ក្នុងជំនួបនោះសម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។ ជាក់ស្តែង លោកប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ា នៃការអភិវឌ្ឍសេដ្ឋកិច្ច។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មីរវាងកម្ពុជា-ចិន ។
សម្ដេចធិបតី បានជម្រាបជូនលោកប្រធានាធិបតីចិន អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល-នយោបាយចិនមួយ ។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងអប់រំ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ មិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។
សម្ដេចធិបតី បានគូសរំលេចជូនប្រធានាធិបតីចិន អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។ ជាក់ស្តែង សម្ដេចធិបតី បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និង បានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ពីកម្ពុជាផងដែរ ។
សម្ដេចធិបតី ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
មុននឹងបញ្ចប់កិច្ចពិភាក្សានោះ ប្រធានាធិបតីចិន បានបញ្ជាក់ជូនសម្ដេចធិបតីជាថ្មីថា ចិននៅតែបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថា នឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។
លោកប្រធានាធិបតី បញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ចនូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ដែលជាមិត្តចាស់របស់លោកគ្រប់ពេលវេលា៕