(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ, លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក លើវិស័យសុខាភិបាលជាបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអេមេរិក នឹងបន្តជួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ផងដែរ។
ជាការឆ្លើយតប លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ស្ថានទូត និងប្រជាជនអាមេរិក ដែលបានចូលរួមចំណែកគាំទ្រ ក្រសួងសុខាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក តាមរយៈការផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាលជាច្រើនតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (The United States Agency for International Development (USAID)) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (Center for Disease Control and Prevention (USCDC)) ជាដើម។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនួយសហប្រតិបត្តិការអាមេរិកសម្រាប់វិស័យសុខាភិបាលកម្ពុជា បានជួយដល់ការអភិវឌ្ឍន៍ ពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ និងទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ តាមរយៈ៖
១៖ ក្នុងការការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល
២៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល
៣៖ គម្រោងការលើកកម្ពស់គុណភាពនៃសកម្មភាពថែទាំសុខភាព Enhancing Quality of Healthcare Activity (EQHA)
៤៖ កម្មវិធីកែលម្អសុខភាពបន្តពូជ សុខភាពមាតា និងទារក
៥៖ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង (របេង អេដស៏ និងគ្រុនចាញ់) និងជំងឺមិនឆ្លង
៦៖ គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពសុខភាព Health Equity and Quality Improvement Project (H-EQIP)
៧៖ គាំទ្រមូលនិធិសមធម៌សុខាភិបាល ដោយផ្ដល់ការគាំពារសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខភាពសាធារណៈតាមរយៈជំនួយក្នុងការផ្ដល់សេវា
ចំណែកនៅក្នុងបរិបទនៃកូវីដ-១៩ សហរដ្ឋអាមេរិក បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ Johnson Johnson មានចំនួនសរុប ១,០៦០,១០០ដូស និងវ៉ាក់សាំង Pfizer ចំនួន ២,០០០,០០០ ដូស តាមរយៈយន្តការ COVAX ផងដែរ។
លោករដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងអំណរគុណសារជាថ្មីដល់សហរដ្ឋអាមេរិក ជាពិសេសឯកអគ្គរដ្ឋទូតដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីក៏បានសំណូមពរដល់ភាគីអាមេរិក បន្តជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាល ជួយពង្រឹងបន្ថែមប្រព័ន្ធមន្ទីរពិសោធន៍កម្រិតអន្តរជាតិ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារសុខាភិបាល ជួយរៀបចំប្រព័ន្ធសុខភាពតាមបែបឌីជីថល។
ក្នុងកិច្ចជំនួបនោះផងដែរ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា៕