(ស្ទឹងស្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងប្រាប់អង្គភាព Fresh News ថានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង១៥៖៣០នាទី កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើកាបង្ក្រាបករណីឃាតកម្មគិតទុកជាមុន សម្លាប់បុរស២នាក់ កាលពីវេលាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ ភូមិសាស្ត្រ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវវារីអគ្គីសនីសេសានក្រោម២ ចម្ងាយពីផ្លូវជាតិ៥០គីឡូម៉ត្រែ ដើរចូលព្រៃ០៤គីឡូម៉ែត្រ។
លោកឧត្តមសេនីយ៍ត្រី អៀម វ៉ាន់ឌី បានបញ្ជាក់ថា ក្នុងការបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ វីន ដា ភេទប្រុស អាយុ២១ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិកន្ទួត ឃុំកន្លួត ស្រុកចិត្របូរី ខេត្តក្រចេះ និងឈ្មោះ សំ ច័ន្ទធឿន ភេទប្រុស អាយុ២៣ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិត្រពាំងខ្ទុម ឃុំកន្ទួត ស្រុកចិត្របូរី ហើយមូលហេតុដែលឈានដល់មាន ករណីឃាតកម្មនេះ ដោយសារពួកគេមានគំនុំជាមួយគ្នា។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា កាលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ ភូមិសាស្ត្រ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវវារីអគ្គីសនីសេសានក្រោម២ ចម្ងាយពីផ្លូវជាតិ៥០គីឡូម៉ត្រែ ដើរចូលព្រៃ០៤គីឡូម៉ែត្រ មានករណីឃាតកម្មប្រើកាំបិតផ្គាក់ កាប់ស្លាប់សពជនរងគ្រោះ២នាក់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងព្រៃ ដែលជនរងគ្រោះ ឈ្មោះ ឃុន សុខបាន ភេទប្រុស អាយុ២៣ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ២៥ ជាតិខ្មែរ មុខរបរកម្មករ។
លោកឧត្តមសេនីយ៍ឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានការរិយាល័យ ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕