(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្តីពីការអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀនជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍នៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ធំ ដែលមានការចូលរួម ពីនាយកនាយិកា គ្រូទទួលបន្ទុកសុខភាពសិក្សា សិស្សកាកបាទក្រហម កាយរឹទ្ធិ ក្រុមប្រឹក្សាកុមារនិងយុវជន ចំនួន២៥០នាក់ ស្រី៤៩ភាគរយ មកពីវិទ្យាល័យ៣ ក្នុងក្រុងស្ទឹងសែន។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានថ្លែងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំ និងសុខភាពសិក្សាក្នុងដំណើរការអភិវឌ្ឍន៍ជាតិឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ដែលក្នុងនោះទាំងគ្រូបង្រៀន៥៣១៣នាក់ ស្រី២៧០៥នាក់ សិស្សជាង១៦មុឺននាក់ ស្រី៥៣% ព្រមទាំងមាតាបិតាសិស្ស ពិតជាបានរស់ក្នុងសន្តិភាពនិងសុខភាពល្អ។

ក្នុងនាមលោក ងួន រតន: អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំ, ក្នុងឱកាសនោះ លោក លី វ៉េត អភិបាលរង បានថ្លែងថា គ្រឿងញៀនជាកត្តាបង្កគ្រោះថ្នាក់ធនធានមនុស្ស និងសង្គមជាតិ ហើយសំណូមពរដល់សមត្ថកិច្ចគ្រប់ផ្នែកក្នុងសហគមន៍ បន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទិសស្លោក «៣កុំ ១រាយការណ៍» ដោយមិនត្រូវផ្សំគំនិតលាក់បាំងអ្នកប្រើប្រាស់និងឈ្មួញគ្រឿងញៀន រកអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនបានទាន់ពេល។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអរគុណដល់ក្រសួង អង្គភាពជុំវិញខេត្ត ដែលបានខិតខំអនុវត្តបាននូវយុទ្ធសាស្រ្តពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាំសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ និងកោតសសើរ និងបន្តរួមគ្នារបស់លើកកម្ពស់សុខភាពសិក្សាជូនដល់អ្នកអប់រំ និងអ្នកសិក្សានៅទូទាំងខេត្ត ក្នុងដំណើរអភិវឌ្ឍនិងប្រែក្លាយធនធានមនុស្សឲ្យទៅជាមូលធនធនមនុស្សដែលមានសម្បទាទាំង៥យ៉ាងរឹងមាំ នោះគឺចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត និងអង្គសិក្ខាសាលាបានអរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់សុខសន្តិភាពនៅទូទាំងប្រទេស «សូមអរគុណសន្តិភាព» និងអរគុណដល់កងកម្លាំងសមត្ថកិច្ចដែលបានបង្រ្កាប ចរាចរណ៍គ្រឿងញៀន និងចាប់រឹបអូសគ្រឿងញៀនមកបំផ្លាញចោលមិនឲ្យជ្រាបចូលដល់សហគមន៍ និងសូមឱ្យយកខ្លឹមសារដែលទទួលបានពីសិក្ខាសាលាដើម្បីយកទៅផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់។ មន្រ្តីសុខភាពសិក្សាសូមបន្តធ្វើការពិនិត្យតាមដានលើការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផលនៃការងារនេះផងដែរ៕