(ភ្នំពេញ)៖ វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ ជាង៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនទាំង ៧។ ជាលទ្ធផល យុវជនចំនួន ២០៧នាក់ បានសម្ភាសការងារជាប់ ក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០នាក់ ខណៈអ្នកសម្ភាសជាប់បឋមមានចំនួន ១៨៧នាក់។
នាឱកាសនោះ កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី២ ដែលបានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON(Cambodia) Co,.Ltd បាននិយាយថា៖ «នាងខ្ញុំទទួលបានការងារធ្វើហើយ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាសការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួលដល់ យុវជនក្នុងការដាក់ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA ដើម្បីរកការងារ និងប្រឹក្សាយោបល់អំពីអាជីពការងារ»។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន JACCS, ធនាគារឯកទេស AEON,ក្រុមហ៊ុន ONLINE, ក្រុមហ៊ុន MEKONGNET, ផ្សារទំនើប AEON MALL, ម៉ាស្ទើស៊ុគីស៊ុប និង ក្រុមហ៊ុន GATHER GROUNDS COFFEE AND EACTERY ។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕