(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើសមាគមជប៉ុន-កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសកម្ពុជា ជាភាសាជប៉ុន ដើម្បីឲ្យប្រជាជនជប៉ុន បានឃើញដឹងនូវអ្វី ដែលកើតមានឡើង ពិតប្រាកដនៅកម្ពុជា។ នេះការលើកឡើងរបស់លោករដ្ឋមន្រ្តី ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូត ជប៉ុនប្រចាំប្រទេសកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kazunori Kato អនុប្រធានសមាគមជប៉ុនកម្ពុជា និងគណៈប្រតិភូជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ពីកិច្ចសហការរវាងក្រសួងព័ត៌មាន ជាមួយសមាគមជប៉ុន-កម្ពុជា ពាក់ពន្ធ័ច្រើនផ្នែកសម្រាប់ការផ្សព្វផ្សាយពីតូនាទី របស់អ្នកវិនិយោគទុនជប៉ុននៅកម្ពុជា និងផ្សាយព័ត៌មានពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីឲ្យប្រជាជនជប៉ុន បានដឹងបានកាន់តែច្រើន។

កន្លងមកនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់បានលើកជាសំណើទៅកាន់ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អំពីការផ្តល់ម៉ោងពេលវេលាក្នុងការផ្សព្វផ្សាយភាសាជប៉ុន នៅស្ថានីយ៍វិទ្យុជាតិកម្ពុជា ព្រោះកន្លងមកនេះ មានការផ្សាយជាភាសាបារាំង អង់គ្លេស ចិន អារ៉ាប់ ដូច្នេះបើមាន ការផ្សាយជាភាសាជប៉ុន បន្ថែមទៀត គឺជាការចូលរួមផ្សព្វផ្សាយនូវព័ត៌មាន ទៅកាន់ប្រជាជនជប៉ុន ដែលចង់ដឹងពីកម្ពុជា ពិសេសចង់អោយអ្នកវិនិយោគទុន និងភ្ញៀវទេសចរជប៉ុន ដែលមកកម្ពុជា បានយល់ដឹងជាមុនតាមរយៈព័ត៌មានជាតិ យល់ពី វិស័យសេដ្ឋកិច្ច ដែលកម្ពុជាមានសក្តានុពលខ្ពស់។

លោករដ្ឋមន្រ្តី ស្នើសមាគមជប៉ុន-កម្ពុជា ជួយសហការជាមួយផ្នែកឯកជន ជាពិសេសក្រុមហ៊ុនជប៉ុន ចូលរួមគាំទ្រផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលជាគោលដៅសំខាន់ដើម្បីធ្វើយ៉ាងណា ផ្សាយអំពីការវិនិយោគរបស់ជប៉ុន ការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងប្រទេសកម្ពុជា ផ្សាយឲ្យប្រជាជនបានដឹងកាន់តែទូលំទូលាយបន្ថែមទៀត។ ចំពោះការចង់ឲ្យមានកម្មវិធីផ្សាយ ជាភាសាជប៉ុននេះដែរ ក៏ជាចង់ឲ្យមានការបើកទូលាយ ទៅដល់ប្រជាជនកម្ពុជា ឲ្យទទួលបានចំណេះដឹងការសិក្សាភាសាបរទេស ក្រៅពីជម្រើសភាសាបារាំង អង់គ្លេស ចិន ភាសាផ្សេងៗ តែភាសាជប៉ុន ជាជម្រើសសម្រាប់បំពេញកិច្ចការងារ ជាចំណេះដឹង ការទាក់ទាញវិនិយោគជប៉ុនមកកម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រឲ្យមាន ការបង្កើតការិយាល័យតំណាង សមាគមជប៉ុនកម្ពុជា នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុន ឲ្យបានច្រើនមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាមួយនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគាំទ្រនូវជំនួយផ្សេងៗ ដើម្បីស្ថារកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ពន្ធ័នៅក្នុងប្រទេកម្ពុជា អោយមានភាពរីកចម្រើនរហូតមកដល់ពេលនេះ។ តាមរយៈនេះ លោកមានជំនឿថា ប្រទេសជប៉ុន នឹងបន្តគាំទ្រជួយដល់ប្រទេសកម្ពុជាបន្ថែមទៀត និងជំរុញលើកទឹកចិត្ត ដល់អ្នកវិនិយោគជប៉ុនមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានសំដែងនូវការចូលរួមអបអរសាទរចំពោះចំណងការទូត ៧០ឆ្នាំរវាង កម្ពុជា-ជប៉ុន ហើយសូមជូនពរឲ្យចំណងមិត្តភាព ការទូតនេះកាន់តែរឹងមាំបន្តទៅមុខទៀត ក្នុងភាពជាដៃគូរគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងការផ្សារភ្ជាប់រវាង ប្រជាជនកម្ពុជស និងប្រជាជនជប៉ុន តាមរយៈនៃការផ្សព្វផ្សាយកម្មវិធីផ្សេងៗ៕