(ព្រៃវែង)៖ លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យផ្លូវចាក់បេតុងសរសៃដែក ដែលមានប្រវែង ១០គីឡូ ៤៣ម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល។
លោករដ្ឋមន្ត្រី បានថ្លែងថា ការចុះពិនិត្យនេះ គឺតាមដានបច្ចេកទេសធ្វើផ្លូវ ដើម្បីធ្វើយ៉ាងណាក្នុងការធានាគុណភាពផ្លូវនេះឲ្យប្រើប្រាស់បានយូរអង្វែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្ដាល និងប្រជាពលរដ្ឋតាមបណ្តា ស្រុកផ្សេងៗទៀត ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយខ្សែនេះផងដែរ។
លោករដ្ឋមន្ត្រី បានបន្តថា ផ្លូវនេះអនុវត្គគម្រោងស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាប្រភេទផ្លូវកម្រាលបេតុងក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development Project) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។
សូមបញ្ជាក់ថា ផ្លូវ PV2នេះ ចាប់ពីភូមិព្រៃដើមថ្នឹងទី២ ទៅភូមិកោងទន្លេលើ មានប្រវែង ១០គីឡូ ៤៣ម៉ែត្រ ចាក់បេតុង សរសៃដែក ទទឹង៦ម៉ែត្រ កម្រាស់ ១៥ ស.ម មានលូមូលចំនួន៥កន្លែង និងលូប្រអប់ចំនួន ៣កន្លែង។
ស្ថិតក្នុងឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងកាត់ភូមិចំនួន៥ មានភូមិព្រៃដើមថ្នឹងទី២ ព្រៃដើមថ្នឹងទី១ កោងស្រែ ព្រមនី និងភូមិកោងទន្លេ។ មានប្រជាពលរដ្ឋទទួលផលប្រមាន ១៦, ៥៦០ នាក់។គាំទ្រថវិកាពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។
ក្រុមហ៊ុនទទួលបានកិច្ចសន្យាសាងសង់គឺក្រុមហ៊ុនកូរ៉េឈ្មោះ អ៊ីលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) ហើយបច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបានប្រមាណជា ២៧% និងគ្រោងបញ្ចប់ជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុនេះ។
ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ បានសំដែងអារម្មណ៍សប្បាយចិត្តរីករាយដោយ បានទទួលផ្លូវមួយខ្សែនេះងាយស្រួលក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានលើកឡើងថា ផ្លូវនេះពីមុនមានសភាពពិបាកក្នុងការធ្វើដំណើរ តែឥឡូវងាយស្រួលក្នុងការធ្វើដំណើរក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ៕