(ភ្នំពេញ)៖ មន្រ្តីនគរបាលម្នាក់ ត្រូវបានចាប់វាយខ្នោះ និងបានបញ្ជូនទៅកាន់តុលាការកាត់ទោសតាមច្បាប់ ក្រោយបើករថយន្តបុកស្រ្តីម្នាក់ធ្លាក់ពីលើម៉ូតូ រួចបន្តបើកកិនបណ្តាលឲ្យស្លាប់នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ដោយឡែកជនសង្ស័យឈ្មោះ សូត្រ សិទ្ធី អាយុ៥៣ឆ្នាំ តួនាទីនាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯង ស្នាក់នៅផ្ទះលេខ15F8 ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងកូនស្រីជិះម៉ូតូទៅផ្សារទិញអីវ៉ាន់។ ពេលនោះជនសង្ស័យក៏បានបើករថយន្តម៉ាក Toyota Highlander ពណ៌សផ្លាកលេខ ភ្នំពេញ 2AB-4983 តាមពីក្រោយ។
ពេលជនរងគ្រោះឃើញរថយន្ត ក៏ប្រាប់ឲ្យកូនស្រីជិះអែបគៀន ដើម្បីឲ្យរថយន្តបើកទៅមុន តែជនសង្ស័យមិនបើកវ៉ាទៅមុខទេ។ ជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បើករថយន្ត មកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយបើកកិនជនរងគ្រោះ ជនសង្ស័យបើករថយន្តគេចខ្លួនមកទុកចោលនៅមុខដីឡូត៍គ្មានលេខ ជាប់របងវិទ្យាល័យច្បារអំពៅ ដោះផ្លាកលេខរថយន្តលាក់គុម្ភស្មៅក្បែរនោះ រួចដើរឡើងមកផ្លូវជាតិលេខ១ ជិះម៉ូតូកង់បី (ផាស់អាប់) គេចខ្លួន។
បន្ទាប់មកសមត្ថកិច្ច ស្រាវជ្រាវ ឆែកកាម៉េរ៉ា និងធ្វើកោសល្យវិច្ឆ័យយកខ្ចៅដៃក្នុងរថយន្ត និងខ្ចៅដៃជនសង្ស័យ គឺជាមនុស្សតែមួយ។ លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅសាកសួរ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងរថយន្តបង្ក បានកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមច្បាប់៕