(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញ Facebook ឈ្មោះ «San Prum» ដែលផ្សាយព័ត៌មានមិនពិត មានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុកមួយឈោ្មះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយ ដែលមានខ្លឹមសារថា៖ «មានបញ្ហាហើយក្រសួងយុត្តិធម៌? ឃឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ!......តាមដឹងហាងឆេងបញ្ជាក់បែបនេះ (មិនដែលមានទោស) មិនក្រោមពាន់ដុល្លារទេ!! ហាសៗៗ»។
ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងយុត្តិធម៌ បានធ្វើការស្រាវជ្រាវជាបន្ទាន់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឈ្មោះ ឃឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបតថ្កោលទោសពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះ ដល់សាមីជនឡើយ។
តាមរយៈលទ្ធផលស្រាវជ្រាវខាងលើ បង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការ បរិហារកេរ្តិ៍ចំពោះក្រសួងយុត្តិធម៌។ ហេតុដូចនេះ ក្រសួងយុត្តិធម៌នឹងចាត់វិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្ដិ៍លើស្ថាប័នរបស់រដ្ឋ៕