(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់សមាគមកម្ពុជា-ជប៉ុន បន្តជួយសហការកៀរគរវិនិយោគិនជប៉ុនទាំងផ្នែកឯកជន និងអង្គការសប្បុរសធម៌នានាបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគ ក៏ដូចជាជំនួយសហប្រតិបត្តិការ អភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្ដ្រី ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន (Japan-Cambodia Association (JCA) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងថ្លែងអំណរគុណលោក Fumiaki Takahashi ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណង ដល់វិស័យសុខាភិបាល ជាច្រើននាពេលកន្លងមកដូចជា ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុននៅកម្ពុជា និងក្នុងនាមជាប្រធានសមាគមកម្ពុជា-ជប៉ុន។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន បន្តជួយកៀររគរដៃគូសហការ មកបណ្តាក់ទុនវិនិយោគក៏ដូចជា ជំនួយសហប្រតិបត្តិការ អភិវឌ្ឍវិស័យសុខាភិបាល រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ។
ក្នុងនោះគឺសំដៅឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានោះផងដែរ Fumiaki Takahashi បានជម្រាបជូនលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីថា សមាគមកម្ពុជា-ជប៉ុន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។
លោកបន្ដថា ក្នុងនោះសមាគមកម្ពុជា-ជប៉ុន ក៏បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ដឹកនាំក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះរួមទាំងសហគ្រាសធុនតូច និងមធ្យម (small and medium sized enterprises (SMEs) ដែលចំណាប់អារម្មណ៍ ចំពោះវិស័យសំខាន់ៗ ចំនួន ២ គឺ ១៖ ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជា ផលិតផលសម្រេច សម្រាប់នាំចេញ និង២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន) ការតុបតែង និងកែសម្ផស្ស សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។
ទន្ទឹមនឹងនោះ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារនេះ លោក Fumiaki Takahashi បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕