(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានសន្ដិភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
គួរជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បានចេញសេចក្ដីសម្រេចតែងតាំងសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់តួនាទីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អមដោយអនុប្រធាន៣រូប អនុប្រធានប្រចាំការ១រូប និងសមាជិកជាច្រើនរូបទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់ទាំងក្នុងតំបន់ និងសកលលោក។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅការងារប្រយុទ្ធប្រឆាំងនេះ គឺប្រគល់ជូនទេសរដ្ឋមន្ដ្រីមួយរូប ជាអ្នកដឹកនាំ ដោយមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធ ក្នុងនោះមានទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម។ ប៉ុន្ដែសម្ដេចយល់ឃើញថា នៅពេលប្រជុំច្បាស់ណាស់ បណ្ដាក្រសួងពាក់ព័ន្ធអាចបញ្ជូនត្រឹមរដ្ឋលេខាធិការប៉ុណ្ណោះ ដើម្បីចូលរួម ដែលធ្វើឲ្យការងារនេះហាក់មិនសូវមានទម្ងន់ ដូច្នេះហើយទើបសម្ដេចសម្រេចកែសម្រួលតែម្ដង៕