(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានដឹកនាំការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសញ្ចារកម្ម ជ្រកក្រោមស្លាកយីហោ ហាងកាត់សក់ (មានលួចលាក់រួមភេទ) នៅចំណុចផ្ទះលេខ០១ E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្ស១៤នាក់ រួមមានម្ចាស់ហាង ឈ្មោះ ចាន់ ធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ នារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមករួមភេទចំនួន២នាក់។
មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការនេះបានប្រាប់ថា ហាងម៉ាស្សា កាត់សក់នេះ លួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយ ពោលពេលភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា «តើបងចង់ម៉ាស្សាទេ បើចង់ចូលទៅបន្ទប់ខាងក្រោយ» ប៉ុន្តែមិនមែនជាការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ ពោលជាការរួមភេទតែម្តង។
សម្រាប់មនុស្សទាំងនេះត្រូវបាននាំ ទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវចាត់ការបន្តទៀត៕