(ក្រចេះ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោក ស៊ាង សុភ័ក្រ ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក្រចេះ, នគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងប្រជាការពារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះឈ្មោះ ស្លេះ សប់អី ស្ថិតនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង។

លោកបញ្ជាក់ទៀតថា ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ស្លេះ សប់អី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរឥស្លាម
*ទី២៖ ឈ្មោះ យូ សតះ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម។ មានទីលំនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងចាប់យកបាននៅកន្លែងកើតហេតុរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀនចំនួន៥កញ្ជប់ (ធំ៣ តូច២) កូនកន្រ្កៃយ៍ចំនួន១ ទូរស័ព្ទចំនួន២គ្រឿង និងថង់សំរាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត៕