(ព្រះសីហនុ)៖ លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញប្រជុំបិទផ្សាយជាសាធារណៈកំណត់តំបន់ធ្វើការវិនិច្ឆ័យភូមិរាម និងភូមិថ្មធំ ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
តាមរបាយការណ៍របស់លោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឱ្យដឹងថា ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃកាវិនិច្ឆ័យស្ថិតនៅភូមិរាម និងភូមិថ្មធំ ក្នុងឃុំរាម ស្រុកព្រៃនប់ នាពេលនេះ ដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស លក្ខណៈច្បាប់ ទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ។
ការចុះបញ្ជីទាំងនេះ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីទប់ស្កាត់ និងដោះស្រាយទំលោះដីធ្លី ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
ការចុះបញ្ជីដីធ្លីផ្ដល់នូវសារប្រយោជន៍២យ៉ាងដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋ គឺធានាបានភាពកក់ក្តៅ និងសុវត្ថិភាពដីធ្លីមានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ដែលត្រូវបានផ្ដល់ជូនវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដែលជាវត្ថុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនខិលខូច ព្រមទាំងផ្ដល់លទ្ធភាពយ៉ាងធំធេង ក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំដីធ្លីឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីឲ្យបានសមស្រប។
លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ការផ្សព្វផ្សាយទិន្នន័យនៅភូមិរាម និងភូមិថ្មធំ ក្នុងឃុំរាមនាពេលនេះ ដើម្បីដំណើរការកំណត់តំបន់វិនិច្ឆ័យ ដូចនេះសូមឱ្យប្រជាពលរដ្ឋត្រូវត្រៀមឯកសារ ពាក់ព័ន្ធឯកសារគតិយុត្តិ ដើម្បីដាក់បង្ហាញជូនទៅដល់មន្ត្រីជំនាញសូរិយោដី នៅពេលដែលចុះកំណត់វាស់វែងជូនបងប្អូននៅទីតាំងជាក់ស្ដែង។
លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា «ការកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនពលរដ្ឋនាពេលនេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា»។
លោកបានបន្តថា រដ្ឋបានធ្វើការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានរៀបចំច្បាប់ភូមិបាលក្នុងការគ្រប់គ្រងដីធ្លី មិនអនុញ្ញាតឱ្យមានការទន្ទ្រានដីរដ្ឋអនាធិបតេយ្យបន្តទៀត។ អ្នកចាប់ ឬទន្ទ្រានដីធ្លីរបស់រដ្ឋ ត្រូវមានទោស។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់ ដើម្បីកាត់បន្ថយការទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដី អាចយកបណ្ណមកប្រើប្រាស់តាមតម្រូវការ ឬអំណោយទៅកូន ចៅស្របតាមច្បាប់។
ជាមួយគ្នានេះលោកសង្ឃឹមថា បងប្អូនពលរដ្ឋនៅភូមិរាម និងភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យឲ្យបានលឿនឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី បង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារចុះវាស់វែងជូនដើម្បី ទទួលបានបណ្ណកម្មសិទ្ធិលឿននាពេលខាងមុខ៕