(ប៉េកាំង, ចិន)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្ហាញក្តីនឹករលឹកដល់សម្តេចតេជោ ហ៊ុន សែន ដែលជាដៃគូបានកសាងនូវកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា និងចិន។ លោកប្រធានាធិបតីចិន បានផ្តាំផ្ញើឱ្យសម្តេចតេជោ ហ៊ុន សែន ទៅលេងប្រទេសចិនឱ្យបានញឹកញាប់។
ក្តីនឹករលឹករបស់លោកប្រធានាធិបតីចិន ចំពោះសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោក ស៊ី ជិនពីង បានលើកឡើងក្នុងផ្តើមជំនួបនោះយ៉ាងដូច្នេះ «សម្តេច ហ៊ុន សែន ដែលជាលោកឪពុករបស់លោក បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។ ខ្ញុំសូមផ្តាំផ្ងើសួរសុខទុកដោយស្មោះត្រង់ជូនចំពោះគាត់ និងស្វាគមន៍គាត់មកលេងប្រទេសចិនឱ្យញឹកញាប់»។
ក្នុងជំនួបនោះលោកប្រធានាធិបតីចិន ក៏បានរំលឹកដែរថា និទាឃរដូវនាឆ្នាំនេះ (ដើមខែកុម្ភៈ) សម្តេចធិបតី និងសម្តេចតេជោ បានទៅទស្សកិច្ចនៅប្រទេសចិន ហើយពេលនោះ សម្តេចតេជោ និងរូបលោកប្រធានាធិបតី បានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ លុះរដូវស្លឹកឈើជ្រុះនាខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី បានមកទស្សកិច្ចនៅប្រទេសចិន។
លោកប្រធានាធិបតីចិន បានបង្ហាញជំនឿចិត្ត សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកប្រមូលផលនៃទំនាក់ទំនងកើតពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហើយ សម្តេចធិបតី នឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ៕