(កំពង់ឆ្នាំង)៖ ប្រាសាទលោកតាដំបងដែក ដែលពុទ្ធបរិស័ទបានរួមគ្នាកសាងនៅលើវត្តភ្នំចំពុះ ស្ថិតនៅក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទ រៀបចំពិធីឆ្លង។
ពិធីបុណ្យឆ្លងនេះ ផ្តើមរៀបចំឡើងដោយលោក ចៅ ភារិទ្ធ និងលោកស្រីជាភរិយា ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ និងដោយមានការអញ្ជើញចូលរួមពីលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត។
លោក ចៅ ភារិទ្ធ បានថ្លែងថា ដោយមានការឯកភាពគ្នា និងមូលមតិគ្នាជាមួយបងប្អូន និងក្រុមគ្រូសារទាំងអស់គ្នា និងលោក គិត ច័ន្ទរនា (ហៅ លី ប៉ុង) ដែលជាម្ចាស់ឧបត្ថម្ភដ៏ធំមួយក្នុងការកសាងខាងលើនេះ បានរួមគ្នាកសាងប្រាសាទមួយដែលមានឈ្មោះថា «ប្រាសាទលោកតាដំបងដែក»។
ប្រាសាទនេះបានធ្វើការសាងសង់នៅលើភ្នំចំពុះ ស្ថិតក្នុងវត្តភ្នំចំពុះ ឯការសាងសង់ប្រាសាទខាងលើនេះផងដែរ ដោយបានចំណាយទឹកប្រាក់សរុប១១,១៦៧ដុល្លារ។ បន្ទាប់ពីធ្វើការសាងសង់រួចរាល់ ក៏បានរៀបចំធ្វើពិធី ឆ្លងតាមទំនាមទំលាប់ ចំពោះការកសាងប្រាសាទដំបងដែកនេះដែរ គឺក្រុមគ្រួសាររបស់លោក បានកសាងឡើងក្នុងបំណងសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទៅមកពីទីជិតឆ្ងាយ ដើម្បីមកគោរពបូជាទៅតាមជំនឿរៀងៗខ្លួន។
ជាមួយគ្នានេះ បងប្អូនជាសប្បុរជន ដែលមានចិត្តសប្បុរសធម៌ ក៏បានរួមគ្នាជួយផ្នែកការងារមនុស្សធម៌ និងបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនធ្វើជាអំណោយចែកដល់ប្រជាពលចំនួន ៣០គ្រួសារផងដែរ។
ដោយឡែកលោក សៀង ប៊ុនណាត ប្រធានក្រុមកង់ប្រចាំខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារនាថ្ងៃនេះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២០ គីឡូក្រាម ដែលជាអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានឧបត្ថម្ភតាមរយៈក្រុមកង់ខេត្តកំពង់ឆ្នាំងរបស់លោក ក្រៅពីនោះមានទឹកសុទ្ធ ១កេះ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ និងថវិការចំនួន៨៥,៣០០រៀល ក្នុងមួយគ្រួសារជាអំណោ យរបស់សប្បុរសជន។
សូមបញ្ជាក់ថា ក្នុងពិធីនោះក៏មានប្រគេនបច្ច័យមួយចំនួនសម្រាប់កសាងវត្តភ្នំចំពុះ និងបានប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃគង្គចាំព្រះវស្សាក្នុងវត្តចំនួន៩អ ង្គ ក្នុង១អង្គៗបច្ច័យចំនួន១០ម៉ឺនរៀលផងដែរ៕