(ភ្នំពេញ)៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក នៃគម្រោងផ្សារ ជីស៊ី អូរឫស្សី នៅថ្ងៃទី១៥ ខែកញ្ញានេះ បានចេញសេចក្តីបំភ្លឺ និងប្រកាសព័ត៌មាន ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានមួយចំនួន ដែលបះពាល់ដល់កិត្តិយសក្រុមហ៊ុន។

ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក នៃគម្រោងផ្សារ ជីស៊ី អូរឫស្សី បានបញ្ជាក់ថា ខ្លួនសូមបដិសេធ ចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនដែលបាន ចោទប្រកាន់គ្មានមូលដ្ឋានត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងទំនុកចិត្តរបស់អតិថិជន មកលើក្រុមហ៊ុន ហើយដែលការចោទប្រកាន់បែបនេះ ក្រុមហ៊ុនមិនអាចទទួលយកបានឡើយ។

ដើម្បីបង្ហាញនូវជំហររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍន៍ និងវិនិយោគលើវិស័យអចលនវត្ថុ នៅក្នុងព្រះរាជណាចក្រកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនសូមបញ្ជាក់ជូនដូចខាងក្រោម៖

១៖ គម្រោងផ្សារ ជីស៊ី អូរឫស្សី របស់ក្រុមហ៊ុន គឺជាគម្រោងមួយមានលក្ខណៈច្បាស់លាស់ និងបានសិក្សាយ៉ាងល្អិតល្អន់ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន និងសាធារណជនទាំងអស់ ដែលចាប់អាម្មរណ៍លើគម្រោងរបស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន ក្រុមហ៊ុនបាន និងកំពុងបុកគ្រឹះត្រៀមលក្ខណៈសាងសង់ ឱ្យស្របតាមគម្រោងរបស់ក្រុមហ៊ុន ជូនអតិថិជន ដោយមិនមានការយឺត
យ៉ាវនោះទេ។

២៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក នៅតែរក្សាជំហរយ៉ាងខ្ជាប់ខ្ជួន លើការអនុវត្តគម្រោងផ្សារ ជីស៊ី អូរឫស្សី និងគោរពទៅតាម ខ្លឹមសារនៃកិច្ចសន្យា ដែលបានធ្វើជាមួយអតិថិជនទាំងអស់ ក្នុងស្មារតីសុចរិត និងការទទួលខុសត្រូវខ្ពស់បំផុត។ ក្នុងន័យនេះ ប្រសិនបើក្រុមហ៊ុនមិនអាចបញ្ចប់ការសាងសង់ និងមិនអាចប្រគល់តូបផ្សារ ជូនអតិថិជនបានទាន់ពេលវេលា តាមកិច្ចសន្យាបាន
នោះទេ ក្រុមហ៊ុនសុខចិត្តបង់សំណងខូចខាតជូនអតិថិជនដូចមានចែងក្នុងកិច្ចសន្យា។

ផ្អែកតាមជំហរខាងលើនេះ ក្រុមហ៊ុនសំណូមពរឱ្យអតិថិជនទាំងអស់ មានការយោគយល់ និងរង់ចាំនូវលទ្ធផលជាវិជ្ជមានពីក្រុមហ៊ុន ហើយក្រុមហ៊ុនក៏សូមរក្សាសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការអនុវត្តវិធានការច្បាប់ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងក្រុមហ៊ុន ក្នុងករណីមានការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ឬមានខ្លឹមសារញុះញង់ ឬ ក្នុងចេតនាបង្អួចកិត្តិយស កេរ្តិ៍ឈ្មោះ ក្រុមហ៊ុន៕