(កែប)៖ លោកបណ្ឌិត សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ ព្រមទាំងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនធំដែលជាអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា​ និងលោកជំទាវ ពេជ​ ចន្ទមុន្នី​ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកែប​ ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល​។

នាឱកាសនោះ លោកអភិបាលខេត្ត សោម​ ពិសិដ្ឋ​ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ សម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស​។

ដោយឡែកខេត្តកែប​ តាមរយៈ​រូបលោកផ្ទាល់ ជាអភិបាលខេត្តកែប សម្តេចតែងតែគិតគូរផ្តល់អំណោយជាគ្រឿងឧបភោគ​ បរិភោគ​ សម្ភារបរិក្ខាពេទ្យ​ ដើម្បីជីវភាព​ និងសុខុមាភាពប្រជាពលរដ្ឋនៅមូលដ្ឋាន​ជុំវិញទូទាំងខេត្តកែបនេះផងដែរ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ និងសូមគោរពជូនពរបវរមហាប្រសើរគោរពជូនចំពោះសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ ពេជ​ ចន្ទមុន្នី​ ព្រមទាំងបុត្រា​ បុត្រី​ សូមបានសមប្រកបដោយពុទ្ធពរទាំង​បួនប្រការកុំបីឃ្លៀងឃ្លាតឡើយ​។

សម្ភារជាអំណោយ ដែលផ្ដល់ឱ្យមន្ទីរពេទ្យបង្អែកខេត្តកែប រួមមាន៖

*១-​ សម្ភារៈថែទាំអ្នកជំងឺ​, សម្ភារជំនួយមន្ទីរពិសោធន៍, សម្ភារជំនួយផ្លូវដង្ហើម​, សម្ភារបរិក្ខារផ្សេងៗ​ ចំនួន​ ២០០មុខ
*២-​ អាវពេទ្យចំនួន​ ១.៤៤០​ អាវ
*៣-​ ខ្នើយកើយចំនួន​ ១០០ខ្នើយ
*៤-​ សស្រោមដៃ ចំនួន១៥.០០០ស្រោម
*៥- អាវអ្នកជំងឺ ចំនួន​ ៣.០០០អាវ
*៦-​ អាវកំរិត២​ ចំនួន​ ៧.៥០០អាវ
*៧-​ ជើងរៀនដើរ ចំនួន​ ២០គ្រឿង
*៨-​ គ្រែពិនិត្យរោគស្រ្តី ចំនួន​ ១សម្រាប់ផងដែរ៕